
3
Apr, 2021
ក្រុមហ៊ុនហួវៃថេកណឡជីផ្តល់ម៉ាសចំនួន២ម៉ឺនសន្លឹកជូនក្រុមការងារគ្រប់គ្រងគម្រោង FMIS
នារសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ ក្រុមហ៊ុនហួវៃថេកណឡជី (ខេមបូឌា) បានចូលរួមជាមួយនឹងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) តាមរយៈការប្រគល់ម៉ាសចំនួន ២០,០០០ សន្លឹក ជូនដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងអំណរគុណដោយស្មោះចំពោះកាយវិការសប្បុរសធម៌ និង មនុស្សធម៌ របស់ក្រុមហ៊ុនហួវៃថេកណឡជី (ខេមបូឌា) ដែលបានចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និង លុបបំបាត់ ជំងឺដ៏កាចសាហាវនេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា ៕