+855 23 43 00 63

11

Mar, 2021

តំណាង IMF ជួបពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ២

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹក ថ្ងៃពុធ ១២ រោច ខែ ផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ តំណាងមូលនិធិរូនិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោកស្រី Delphine Moretii ទីប្រឹក្សាប្រចាំតំបន់អាស៊ីអាគ្នេយ៍លើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដំណើរជាមួយលោក Kris Kauffmann បានបន្តបេសកម្មដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ២ និង គោលដៅបន្តនៃវឌ្ឍនភាពក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ជាមួយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងមានការចូលរួមពីតំណាងការិយាល័យពាក់ព័ន្ធនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។

ក្នុងកិច្ចពិភាក្សានាព្រឹកនេះ ឯកឧត្តម មន្ត ប្រាថ្នា បានបង្ហាញពីសម្ធទ្ធិផលធំៗ ដែលក្រុមការងារ FMIS សម្រេចបានក្នុងជំហានទី ២ និង បានបង្ហាញលម្អិតពីទិសដៅបន្តក្នុងការអនុវត្តគម្រោង FMIS នៅជំហានទី ៣ ជូន តំណាងមូលនិធិរូនិយវត្ថុអន្តរជាតិ (IMF) ព្រមទាំងបានលើកបញ្ជាក់ពីបញ្ហាប្រឈមនានាដែលកើតមាន ជាពិសេសបញ្ហាកូវីដ ១៩ ក៏ជាឧបសគ្គនៅក្នុងការពន្យាពេលនៃការអនុវត្តគម្រោង FMIS ផងដែរ ។ បើទោះជាមានឧបសគ្គយ៉ាងណា ក៏លេខាធិការដ្ឋានក្រុមការងារអនុវត្តគម្រោង FMIS នៅតែអាចបន្តកិច្ចខំប្រឹងប្រែងអនុវត្តសកម្មភាពបានស្របតាមការរំពឹងទុក។

គួរបញ្ជាក់បន្ថែមទៀតថា សម្រាប់ផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ នឹងចាប់ផ្តើមពី ឆ្នាំ ២០២១ ដល់ ២០២៥ ក្នុងនោះលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដាក់ចេញនូវគោលដៅច្បាស់លាស់ដើម្បីពង្រីកការអនុវត្តគម្រោង FMIS ឱ្យកាន់ទូលំទូលាយ និង ប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់ការអនុវត្តថវិកាជាតិទាំងមូល។ លើសពីនេះទៀត តំណាងមូលនិធិរូនិយវត្ថុអន្តរជាតិ (IMF) ក៏បានចូលរួមជាមតិយោបល់ និង ជំរុញដល់ការគិតគូរលើសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរនៅតាមការដ្ឋាននានា ដើម្បីបន្តដល់ការអនុវត្តប្រព័ន្ធ FMIS ឱ្យកាន់តែរលូន និង មានការចូលរួមសហការពីអ្នកពាក់ព័ន្ធបន្ថែមទៀត។

នាថ្ងៃដដែលនោះ បេសកកម្មក៏បានបន្តជួបជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ ដែលដឹកនាំដោយ ឯកឧត្តម ម៉ិញ បានសុវណ្ណអាទិច្ចាសីលា ដែលជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរតនាគារជាតិ រួមជាមួយមន្ត្រីជំនាញជាន់ខ្ពស់ ដើម្បីពិភាក្សា និងពិគ្រោះទៅលើការកែសម្រួលប្រព័ន្ធទូទាត់ និងការគ្រប់គ្រងសាច់ប្រាក់នៅក្នុងគណនីទោលរតនាគារជាតិ ព្រមទាំងបានជួបជាមួយនឹងអគ្គនាយកដ្ឋានថវិកា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ស្រី វុធ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា រួមជាមួយមន្ត្រីជំនាញជាន់ខ្ពស់ ធ្វើការពិភាក្សាទៅលើប្រព័ន្ធរៀបចំផែនការថវិកា ដែលត្រូវបានអភិវឌ្ឍន៍រួចរាល់ និងស្ថិតក្នុងដំណាក់កាលបណ្តុះបណ្តាល មុននឹងដាក់ឱ្យប្រើប្រាស់សាកល្បង។ យ៉ាងណាមិញក្រុមការងារក៏ជួបប្រទះការលំបាកដោយសារតែបញ្ហា កូវីដ១៩ ដែលមិនអាចរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅទីតាំងដែលមានឧបករណ៍សម្រាប់អនុវត្តបាន ដែលអាចត្រឹមរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online នាពេលបច្ចុប្បន្ន។