+855 23 43 00 63

29

Jan, 2024

IMF: ការដាក់ឱ្យដំណើរការនីតិវិធីអនុវត្តការងារតាម FMIS បានរីកចម្រើនជាលំដាប់ និង ជាចំណែកគាំទ្រយ៉ាងសំខាន់ ដល់កម្ម​វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

លទ្ធផលនៃរបាយការណ៍របស់ជំនាញការ មូលធិនិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា​ការដាក់ឱ្យដំណើរការនីតិវិធីអនុវត្តការងារតាម FMIS នៅតាមក្រសួង-ស្ថាប័ន បានរីកចម្រើនជាលំដាប់ និង ជាចំណែកគាំទ្រយ៉ាងសំខាន់ ដល់កម្ម​វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ លោក Kris Kauffmann ក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ បានស្វាគមន៍ចំពោះបេសកម្មរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ជំនាញការបរទេស ដែលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយគាំទ្រផ្នែកបច្ចេកទេស សម្រាប់ការអភិវឌ្ឍគម្រោង FMIS។ គួរបញ្ជាក់បន្ថែមផងដែរថា បន្ទាប់ពីមានជំនួបពិភាក្សាជាមួយក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធលើការសិក្សាអំពីប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) និង ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗរួចមក ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ជំនាញការបរទេស បានរាយការណ៍អំពីលទ្ធផលវិជ្ជមាន និង បញ្ហាប្រឈម ព្រមទាំងចូលរួមផ្តល់យោបល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍលើមុខងាររបាយការណ៍ដែលមាននៅក្នុង FMIS, ការសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗផ្សារភ្ជាប់ជាមួយ FMIS, ការអនុវត្តមុខងារស្នូលរបស់ FMIS និង សំណូមពរនានាពីអ្នកពាក់ព័ន្ធ។

ថ្លែងក្នុងកិច្ចពិភាក្សាយ៉ាងផុលផុស និង ឆ្លើយតបទៅកាន់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ជំនាញការបរទេស ឯកឧត្តម បានបន្តថា ការរកឃើញ និង លទ្ធផលនៃការវាយតម្លៃនេះ នឹងជាធាតុចូលដ៏មានសារប្រយោជន៍សម្រាប់ក្រុមការងារ FMIS ប៉ុន្តែទន្ទឹមនឹងនេះដែរក៏មានការស្នើសុំដល់ ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ជំនាញការបរទេស បន្តសហការ និង ជំរុញដល់អ្នកប្រើប្រាស់ ព្រមទាំងអ្នកពាក់ព័ន្ធឱ្យចូលរួម បង្កើនភាពជាម្ចាស់ការនៅក្នុងការប្រើប្រាស់ FMIS បន្ថែមទៀតប្រកបដោយបុរេសកម្ម ។

ជំនួបពិភាក្សាជាមួយតំណាងជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ជំនាញការបរទេស និង អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ប្រព្រឹត្តិនៅថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ នៅបន្ទប់ប្រជុំនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។