+855 23 43 00 63

20

Sep, 2021

IMF រៀបចំសិក្ខាសាលាអនឡាញស្តីអំពីការធ្វើឌីជីថលូបនីយកម្មលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីកែលម្អការផ្តល់សេវា

ដោយ៖: | Tags: | មតិយោបល់: 0

សិក្ខាសាលាអនឡាញស្តីអំពី “ការធ្វើឌីជីថលូបនីយកម្មលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីកែលម្អការផ្តល់សេវា​ – Digitalization of Public Financial Management Systems for Improved Service Delivery”  ត្រូវបានរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ដែលមានអ្នកចូលរួមប្រមាណ ១៤៦ រូប មកពីស្ថាប័នរដ្ឋ និង ឯកជន ចំនួន ១២ ប្រទេស។ 

ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោក អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃ អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏ត្រូវបានអញ្ជើញជាកិត្តិយសក្នុងការផ្តល់បទបង្ហាញស្តីពីភាពជោគជ័យ និង បទពិសោធន៍ នៃការអនុវត្តគម្រោងប្រព័ន្ធ FMIS នៅក្នុងប្រទេសកម្ពុជាផងដែរ ។ នៅក្នុងសារសំខាន់ៗដែលលោកបានចែករំលែកស្តីពីការអនុវត្តគម្រោងប្រ័ន្ធ FMIS នៅក្នុងប្រទេសកម្ពុជា លោកបានលើកឡើងថា ភាពជោគជ័យដែលបានកើតមានឡើងទាំងនេះ​ ក៏ដោយសារតែមានការគំាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ រួមជាមួយនឹងការគិតគូរនិងរៀនអំពីបទពិសោធន៍កន្លងមក ដោយផ្តើមពីការកំណត់តម្រូវការដែលមានវិសាលភាពតូចប៉ុន្តែអាចពង្រីកបន្ថែមបានជាបន្តបន្ទាប់ តាមរយៈការដាក់ចេញនូវផែនទីតម្រង់ទិសជាជំហានៗប្រកបដោយភាពប្រាកដនិយម ។ ក្នុងនោះភាពជោគជ័យទាំងនេះក៏បានលេចចេញមកពីការដែលមានផែនការគ្រប់គ្រងការផ្លាស់ប្តូរដែលមានការគាំទ្រ ការចូលរួម ការផ្តល់នូវព័ត៌មាន និងការកៀគរនូវភាពជាម្ចាស់ទៅលើការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ  FMIS ។

គួរបញ្ជាក់ផងដែរថា គម្រោងប្រព័ន្ធ FMIS ត្រូវបានបិទបញ្ចប់នូវជំហានទី ២ ជាស្ថាពរកាលពីចុងឆ្នាំ ២០២០ និង បាននឹងកំពុងតែអនុវត្តនូវជំហានទី ៣ ឆ្នាំ ២០២១-២០២៥ ដែលនឹងធ្វើការពង្រីកវិសាលភាពការអនុវត្តប្រព័ន្ធ FMIS ទៅកាន់ថ្នាក់ក្រោមជាតិ, ធ្វើការអភិវឌ្ឍន៍នូវមុខងារពីរបន្ថែមថ្មី, ពង្រីកការអនុវត្តមុខងារដែលទើបតែសម្រេចបានគឺមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ ទៅកាន់ការដ្ឋានដែលនៅសេសសល់, ពង្រឹងនិងពង្រីកការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង, កែលម្អរបាយការណ៍ហិរញ្ញវត្ថុដែលផលិតចេញពីប្រព័ន្ធ FMIS និងការប្រើប្រាស់ឧបករណ៍ធុរៈកិច្ចវ័យឆ្លាត (Business Intelligence) , ផ្តួចផ្តើមការប្រើប្រាស់ការបញ្ជូនទិន្នន័យតាមរយៈទូរសព្ទវ័យឆ្លាត (សម្រាប់អង្គភាពថវិកាដែលមានទីតាំងដាច់ស្រយាល),  ផ្តួចផ្តើមការសិក្សាអំពីការប្រើប្រាស់ទិន្នន័យធំ (Big data) និង បញ្ញាសិប្បនិម្មិត (Artificial Intelligence) ដើម្បីពង្រឹងការធ្វើស្វ័យប្រវត្តិកម្មនីតិវិធីអនុវត្តការងារ និងការវិភាគទិន្នន័យ និង ការពង្រឹងលើប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន ។