
5
Feb, 2018
IMF បន្តសិក្សាវិភាគ និង ផ្តល់ការគាំទ្រដល់ការអនុវត្តប្រព័ន្ធ FMIS នៅកម្ពុជា
លោក Mark Silins តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF និងជាទីប្រឹក្សាគម្រោង FMIS បានកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅកម្ពុជា ដែលបានវិវឌ្ឍជាវិជ្ជមានគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅឆ្នាំដំបូងនៃការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ លោកមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាមួយជាមួយនឹងឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានប្រព្រឹត្តិទៅនៅថ្ងៃ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
នៅក្នុងជំនួបពិភាក្សានេះផងដែរ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជាពិសេសនោះអំពីការពង្រីកវិសាលភាពនៃគម្រោងទៅកាន់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំង២៥ រាជធានី-ខេត្ត និង ក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត នៅក្នុងឆ្នាំ ២០១៨ នេះ ។ ដោយឡែក លោក Mark Silins ក៏បានធ្វើការកត់សម្គាល់មួយចំនួនផងដែរលើការអនុវត្តគម្រោង FMIS នៅកម្ពុជា ក្នុងឱកាសនៃការបំពេញបេសកកម្មរបស់លោក ដោយក្នុងនោះលោកបានមើលឃើញនូវឱកាសក្នុងការកែសម្រួលនូវ ប្លង់គណនេយ្យ ដែលកំពុងតែត្រូវបានប្រើប្រាស់សព្វថ្ងៃ ទៅជាប្លង់មួយដែលមានស្តង់ដារ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ អ្នកប្រើប្រាស់ អ្នកវិភាគ និង អ្នកគ្រប់គ្រង ។ ហើយនៅថ្ងៃទី ០៦ ខែកុម្ភៈ ស្អែកនេះ លោក Mark នឹងបើកអង្គសិក្ខាសាលាស្តីអំពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ពីមូលដ្ឋានសាច់ប្រាក់ទៅមូលដ្ឋានគណនេយ្យបង្គរ (IPSAS Reporting from Cash Basic to Accrual Basic)” ដែលនឹងមានការចូលរួមពីសំណាក់គណនេយ្យករសាធារណៈ និង ភាគីពាក់ព័ន្ធផ្សេងៗ ជាច្រើននាក់ទៀត ។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានបញ្ជាក់ថារបាយការណ៍មូលដ្ឋានសាច់ប្រាក់ដែលបានផលិតចេញពីប្រព័ន្ធ FMIS គឺមានភាពត្រឹមត្រូវប្រសើរ ៕