
23
May, 2023
ក្រុមការងារគ្រប់គ្រងគម្រោង FMIS ប្រជុំបើកឯកសារដេញថ្លៃផ្នែកទី១ នៃកញ្ចប់លទ្ធកម្មទី១ ពាក់ព័ន្ធនឹង “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣
ក្រុមការងារគ្រប់គ្រងគម្រោង FMIS ប្រជុំបើកឯកសារដេញថ្លៃផ្នែកទី១ នៃកញ្ចប់លទ្ធកម្មទី១ ពាក់ព័ន្ធនឹង “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ។
យោងតាមនីតិវិធីអនុវត្តកិច្ចលទ្ធកម្ម និង មានតម្លាភាព គណៈកម្មាត្រួតពិនិត្យ និង វាយតម្លៃឯកសារដេញថ្លៃគម្រោង FMIS បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈលើកញ្ចប់លទ្ធកម្មខាងលើនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំបើកឯកសារដេញថ្លៃនេះ ដឹកនាំដោយឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ជំនួសមុខឱ្យ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និង ជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃរបស់គម្រោង FMIS និង ដែលមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាការត្រួតពិនិត្យ និង វាយតម្លៃឯកសារដេញថ្លៃគម្រោង FMIS, តំណាងក្រុមហ៊ុន និង បុគ្គលិកមន្ត្រីរាជការជាច្រើនរូបទៀត ។
សម្រាប់កញ្ចប់លទ្ធកម្ម “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” របស់គម្រោង FMIS គឺមានក្រុមហ៊ុនទិញឯកសារដេញថ្លៃចំនួន ៦ និង មានក្រុមហ៊ុនចំនួន ៣ ដែលបានមកដាក់ឯកសារដេញថ្លៃ ។ ក្រុមការងារបានដំណើរការអនុវត្តនីតិវិធីបើកឯកសារដេញថ្លៃដោយមានការចូលរួមត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និង ចុះហត្ថលេខាទទួលស្គាល់លើឯកសារដាក់ដេញថ្លៃពីតំណាងក្រុមហ៊ុន ព្រមទាំងសមាជិកគណៈកម្មាត្រួតពិនិត្យ និង វាយតម្លៃឯកសារដេញថ្លៃគម្រោង FMIS និង អ្នកពាក់ព័ន្ធ ។
ក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យកាន់តែទូលំទូលាយ និង មានសុវត្ថិភាព សមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំឯកសារតម្រូវការបច្ចេកទេសផ្សេងៗ សម្រាប់អនុវត្តកិច្ចលទ្ធកម្ម “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ដោយប្រើប្រាស់វិធីសាស្ត្រដេញថ្លៃប្រកួតប្រជែងក្នុងស្រុក និង បានផ្សព្វផ្សាយដាក់លក់ឯកសារដេញថ្លៃជាមួយកាសែតក្នុងស្រុកចំនួនពីរ គឺកាសែតកោះសន្តិភាព និង កាសែតភ្នំពេញប៉ុស្តិ៍ ដោយបានធ្វើការផ្សព្វផ្សាយលើកទី១ នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣ និងផ្សព្វផ្សាយលើកទី២ នៅលើទំព័រកាសែតទាំង ២ ដដែល នៅថ្ងៃទី ២ ខែ ឧសភាព ឆ្នាំ ២០២៣ រួមជាមួយគេហទំព័រផ្លូវការមួយចំនួនដូចជាគេហទំព័ររបស់គម្រោង FMIS និង គេហទំព័ររបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ជាដើម ។
ជាគោលដៅក្នុងការទទួលបានការផ្គត់ផ្គង់ទំនិញ និង សេវាកម្មសម្រាប់អនុវត្តគម្រោង FMIS ជំហានទី៣ បានសមស្រប ទាន់ពេលវេលា មានតម្លាភាព និង មានការប្រកួតប្រជែងត្រឹមត្រូវតាមច្បាប់ជាធរមានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំនូវផែនការលទ្ធកម្ម និង ផែនការអនុវត្តកិច្ចលទ្ធកម្មសម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី ៣ ឆ្នាំ ២០២១-២០២៥ ដោយបានរៀបចំកញ្ចប់លទ្ធកម្មទំនិញ និងសេវាកម្មសម្រាប់ធ្វើកិច្ចលទ្ធកម្ម និង កំណត់វិធីសាស្ត្រនៃការដេញថ្លៃ ក្នុងការត្រៀមប្រកាសដាក់លក់ឯកសារដេញថ្លៃ និង ដំណើរការនៃការដេញថ្លៃទៅតាមកញ្ចប់នីមួយៗដោយយកចិត្តទុកដាក់, មានការប្រយ័ត្នប្រយែងខ្ពស់ ដែលជាលទ្ធផលគឺមានការចូលរួមក្នុងការដេញថ្លៃច្រើន និង ជាពិសេសការផ្គត់ផ្គង់ទំនិញនិងសេវាដែលទទួលបានមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសេដ្ឋកិច្ច ដែលនាំឱ្យគម្រោង FMIS អាចដំណើរការបានតាមផែនការដោយរលូនរហូតមកដល់ពេលនេះ ។