
10
Jan, 2017
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី៖ ការអនុវត្តគម្រោង FMIS នៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងប្រទេសជិតខាងនិងប្រទេសក្នុងតំបន់មួយចំនួន
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបការងារទូទាំងប្រទេសរបស់អគ្គនាយកដ្ឋានរតនាគារជាតិប្រចាំឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីការប្រៀបធៀបនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS នៅកម្ពុជា ជាមួយនឹងការអនុវត្តគម្រោងនេះដូចគ្នានៅក្នុងប្រទេសវៀតណាម និងម៉ុងហ្គោលី ជាដើម។ ឯកឧត្តមបានលើកឡើងថា “គម្រោង FMIS នៅកម្ពុជាអាចចាត់ទុកថាដើររលូនជាងគេក្នុងន័យធៀបជាមួយនឹងកន្លែងដទៃទៀត។ មានប្រទេសច្រើនណាស់ដែលដាក់អនុវត្តជំហានទីមួយទៅ ត្រលប់ថយក្រោយវិញសិន ហើយអស់មួយរយៈពេលក៏ត្រលប់មកវិញ សូម្បីវៀតណាមនៅក្បែរយើងក៏អីចឹងដែរ ម៉ុង ហ្គោលី ក៏អីចឹងដែរ មានប្រទេសច្រើនដែរ ដែលជួបការលំបាក ប៉ុន្តែយើងដំណាក់កាលទីមួយឥឡូវគឺទៅហើយ។”
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ក៏បានធ្វើការជំរុញឱ្យមន្ត្រីមកពីគ្រប់រតនាគាររាជធានី-ខេត្ត ទាំង២៥ ប្តេជ្ញាខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបានល្អប្រសើរចាប់ពីឆ្នាំ២០១៧ នេះតទៅ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ការអនុវត្តប្រព័ន្ធគណនេយ្យរបស់រដ្ឋតាមប្រព័ន្ធ FMIS នឹងជួយពន្លឿនការងារ និងកាត់បន្ថយបន្ទុករដ្ឋបាលក្នុងពេលខាងមុខ៕