+855 23 43 00 63

9

May, 2022

ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង គឺជាមុខមាត់ ជាកិត្តិយសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការរៀបចំអនុវត្តចំណាយពេញលេញក្នុងប្រព័ន្ធ FMIS នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញមកពីអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅបន្ទប់ប្រជុំធំ អាគារ “គ” ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង គឺជាមុខមាត់ ជាកិត្តិយសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ការអនុវត្តការងារកែទម្រង់គឺតែងតែមានប៉ះពាល់ តែងតែមានការឈឺចាប់ តែមកដល់ពេលនេះគឺដល់ពេលវេលាដែលត្រូវលះបង់ហើយទទួលយកការកែទម្រង់ ក៏ដូចជាការទទួលយកការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងជាដើម។

យោងតាមការសម្រេចរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងដើរមុខគេក្នុងការអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ជាមួយក្រសួងបរិស្ថានសម្រាប់គ្រប់មុខសញ្ញាចំណាយ ដោយចាប់ផ្តើមនៅឆ្នាំ ២០២២ នេះ ។

បច្ចុប្បន្ន ក្រសួង-ស្ថាប័នចំនួន ២៧ បានអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង លើនីតិវិធីទាត់បៀវត្ស និង នីតិវិធីទូទាត់ត្រង់ដែលមានហានិភ័យទាបផងដែរ ។ សម្រាប់ឆ្នាំ ២០២២ នេះ ក្រសួងចំនួន ២ គឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំង ២ ក្រសួង នឹងត្រូវអនុវត្តនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងលើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត និង បន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងនៅគ្រប់ក្រសួង-ស្ថាប័នទាំងអស់នៅត្រឹមឆ្នាំ ២០២៦ ៕