+855 23 43 00 63

23

Jul, 2020

តួនាទីមិនអាចខ្វះបានរបស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) ក្នុងស្ថានភាពវិបត្តិកូវីដ ១៩ នៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ដែលបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និង សង្គមសម្រាប់សកលលោកទាំងមូល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ, វិធានការនៃការដោះស្រាយវិបត្តិចំពោះមុខតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT)គឺពិតជាមិនអាចខ្វះបាន ។ មិនអាចខ្វះបាន គឺនៅត្រង់ថា ជំងឺកូវីដ-១៩ ជារួម បានផ្លាស់ប្តូរទម្លាប់ ក៏ដូចជារបៀបរបបរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងរបៀបនៃការធ្វើការងារជាដើម។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការភ្លាមៗ ដោយផ្អាកជាបណ្តោះអាសន្នកម្មវិធីបង្រៀនផ្ទាល់នៅក្នុងថ្នាក់ ផ្លាស់ប្តូរមកបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកជំនួសវិញ (E-Learning) សម្រាប់គ្រប់គ្រឹះស្ថានអប់រំនៅទូទាំងប្រទេសទាំងរដ្ឋ និង ឯកជន ។ ជាមួយគ្នានេះផង នៅក្នុងដំណើរការការងារប្រចាំថ្ងៃទាំងក្នុងវិស័យឯកជន និងរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំឱ្យគ្រប់ស្ថាប័នទាំងឡាយ ត្រូវរក្សាគម្លាតសង្គមឱ្យបានខ្ចាប់ខ្ជួន ក្នុងនោះការកាត់បន្ថយកិច្ចប្រជុំផ្ទាល់ដែលមិនចាំបាច់មួយចំនួន ហើយវិធានការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ បាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្រោយពេលវិបត្តិជំងឺកូវីដ-១៩ រដ្ឋាភិបាលក៏បានដាក់ចេញវិធានការគន្លឹះជាក់លាក់សម្រាប់អនុវត្តក្នុងឆ្នាំ ២០២១ ក្នុងទិសដៅបន្តរក្សាលំនឹងសេដ្ឋកិច្ច និងទ្រទ្រង់កំណើនសេដ្ឋកិច្ចឡើងវិញ ដែលវិធានការទាំងនេះតម្រូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) រួមមាន៖

  • វិធានការផ្នែកចំណូល
    • បន្តកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យចុះបញ្ជីពន្ធដារ
    • បន្តកែលម្អប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ
    • ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និង បន្តជំរុញការតភ្ជាប់ និងសន្ធានកម្មរវាងប្រព័ន្ធ (NRMIS) និង ប្រព័ន្ធ (FMIS) ឱ្យបានពេញលេញ ។
  • វិធានការផ្នែកចំណាយ
    • បន្តពង្រឹង និងពង្រីកការអនុវត្តប្រព័ន្ធ FMIS ដល់គ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមអនុវត្តស្វ័យប្រវត្តិកម្មចំណាយ និងដាក់អនុវត្តចំណាត់ថ្នាក់ថវិកា ទាំង ៧ ។

ជារួម បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) បានក្លាយជាចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និង សង្គម ។ ជាក់ស្តែង បើគ្មានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) នោះទេ សកម្មភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ សកម្មភាពធុរកិច្ច និង ដំណើរការកិច្ចការរដ្ឋបាលសាធារណៈ ប្រាកដជាត្រូវបានផ្អាកទាំងស្រុងក្នុងស្ថានភាពដែលសកលលោកទាំងមូលទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវិដ ១៩ ។