+855 23 43 00 63

28

Apr, 2014

សិក្ខាសាលា​ស្តីពី “ការស្វែងយល់​ជាមុន និង​ភាព​ស៊ីជម្រៅ​ពី​ប្រព័ន្ធ FMIS”

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី១៧ ដល់​ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៤ ចាប់ពី​ម៉ោង ៨:៣០ នាទី ដល់ម៉ោង១១:៣០ នាទី​ព្រឹក និង​ពេលរសៀល​ចាប់ពី​ម៉ោង ២:០០ នាទី ដល់ម៉ោង៣:៣០ នាទី ក្រុមការងារ​រួម​របស់​គម្រោង FMIS បាន​បើក​សិក្ខាសាលា​ដំបូង  ស្តីអំពី “ការស្វែងយល់​ជាមុន និង​ស៊ីជម្រៅ​ពី​ប្រព័ន្ធ FMIS (FMIS Induction and Envisioning Workshop)” រយៈពេល ៥ ថ្ងៃ នៅ​បន្ទប់​ជាន់ទី​មួយ​នៃ​អគារ “ខ” ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​ការចូលរួម​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) ។ ជា​កិច្ច​ចាប់ផ្តើម​នៃ​សិក្ខាសាលា លោក មន្ត ប្រាថ្នា ប្រធាន​នាយដ្ឋាន​ព័ត៌មានវិទ្យា និង​ជា​ប្រធាន​គម្រោង FMIS បាន​ថ្លែង​សន្ទរកថា​បើក ដោយបាន​បង្ហាញ​ពី​ខ្លឹមសារ​សង្ខេប និង​ទិដ្ឋភាពទូទៅ​របស់​គម្រោង FMIS ព្រមទាំង​បានបញ្ជាក់​ពី ភាពចាំបាច់​នៃ​ការចូលរួម​របស់​មន្រ្តី​ពាក់ព័ន្ធ ដើម្បី​ភាពជោគជ័យ​នៃ​គម្រោង ។ បន្ទាប់ពីនោះ សិក្ខាសាលា​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ FPT-LG CNS Joint Venture ដែលមាន Mr. Nguyen The Cuong, Ms. Nguyen Ngoc Ly, Mr. Manas Mohapatra និង​Mr. Harikanth Rachakonha ក្នុង​គោលបំណង​ដើម្បី៖

១.បង្ហាញ​ក្រុមការងារ​ស្នូល​របស់​គម្រោង FMIS ឱ្យ​យល់ច្បាស់​ពី​កាលវិភាគ និង ការប្រគល់​ទទួល (FMIS Deliverable) សម្រាប់​ការអនុវត្ត​គម្រោង FMIS ព្រមទាំង​តួនាទី និង​ទំនួលខុសត្រូវ​រវាង​ក្រុមការងារ FMWG និង ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផងដែរ ដើម្បីឱ្យ​សិក្ខាកាម ដែលជា​សមាជិក​ស្នូល​បានដឹង និង​យល់​ពី​ការងារ​ពាក់ព័ន្ធ​សំខាន់ៗ ។

២.បង្ហាញ​ពីមុខ​ងារ​នៃ​ប្រព័ន្ធ FMIS ដូចជា​គណនី​ត្រូវ​សង គណនី​ត្រូវ​ទារ សៀវភៅធំ គ្រប់គ្រង​សាច់ប្រាក់ បញ្ជាទិញ និង​វិភាជន៍​ថវិកា ដែលជា​មុខងារ​សំខាន់​សម្រាប់​អនុវត្ត​ការងារ​នៅក្នុង​ប្រព័ន្ធ FMIS ។ មុខងារ​ទាំងនេះ​ត្រូវបានធ្វើ​បទ​បង្ហាញ​លម្អិត រួមជាមួយ​នឹង​ផ្ទាំង​កម្មវិធី​អនុវត្ត​ការងារ​នៅក្នុង​ប្រព័ន្ធ  FMIS ជា​ជំនួយ​ក្នុងការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ។

៣.ធ្វើឱ្យ​មន្រ្តី​ពាក់ព័ន្ធ​យល់ដឹង​ពី​អត្ថប្រយោជន៍​ការប្រើប្រាស់​ប្រព័ន្ធ FMIS ដូចជា​ការធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​តាម​ការចង់បាន និង​របាយការណ៍​ផ្សេងៗជាច្រើន​ទៀត​ដែល​បង្កើតឡើង​ដោយ​ប្រព័ន្ធ FMIS។

៤.ជួយ​ឱ្យ​សិក្ខាកាម​យល់ដឹង​ជាមុន​ពី​ពាក្យ​បច្ចេកទេស​នៃ​កម្មវិធី PeopleSoft ដែលជា​ពាក្យគន្លឹះ​ក្នុងការ​ប្រើប្រាស់​ផលិតផល Oracle Corporation’s PeopleSoft Financials ដូចជា Business Unit, Open Item Reconciliation, Chartfield, Tree manager ជាដើម ។

៥.ធ្វើឱ្យ​យល់​ពី​ភាពចាំបាច់​របស់​ប្រព័ន្ធ FMIS និង​ជួយ​ឱ្យ​សិក្ខាកាម​មានគំនិត​វិជ្ជមាន និង​ជឿជាក់ថា​ប្រព័ន្ធ FMIS របស់​ប្រទេស​កម្ពុជា​នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ​នាពេលខាងមុខ​នេះ ។

ជា​លទ្ធផល សិក្ខាសាលា​បាន​ប្រព្រឹត្តទៅ និង​បញ្ចប់​តាមពេលវេលា​ដែល​បានគ្រោង​ទុក។ សិក្ខាកាម​ទាំងអស់​បាន​យល់ច្បាស់​ពី​ប្រព័ន្ធ FMIS ដែលជា​ប្រព័ន្ធ​មួយ​ដ៏​ប្រសើរ​ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោយ​ភាព​រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ភាព​ស័ក្តិសិទ្ធិ ។ សិក្ខាសាលា​នេះ​បានផ្តល់​នូវ​ចំណេះដឹង និង​បទពិសោធន៍​បន្ថែម​ជាច្រើន ពី​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ ដូចជា​ការលើកឡើង​ជា​សំណួរ​ពាក់ព័ន្ធ​ទាំងឡាយ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការប្រើប្រាស់​ប្រព័ន្ធ FMIS នាពេលខាងមុខ ។

ទាញយក៖ ឯកសារសិក្ខាសាលា