
22
Nov, 2017
ប្រព័ន្ធ FMIS កំពុងត្រូវបានដំណើរការដាក់នៅតាមក្រសួង-ស្ថាប័នទាំង១០
រហូតមកដល់ពេលនេះ ពោលគឺមានរយៈពេលប្រម៉ាណជាង១ខែ ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនយ៉ាងសស្រាក់សស្រាំដើម្បីសម្រេចតាមផែនការដែលខ្លួនបានកំណត់ ដោយក្នុងនោះ ក្រុមការងារបច្ចេកទេសមួយនេះ បាននិងកំពុងចុះបំពាក់ប្រព័ន្ធបណ្តាញខ្សែ Cable និង ដំឡើង Wall Points ដល់ក្រសួង-ស្ថាប័ន ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ។
បើតាមផែនការ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងធ្វើការរៀបចំដំឡើងឧបករណ៍បច្ចេកទេសមានដូចជា ប្រព័ន្ធបណ្តាញខ្សែ Cable, Wall Points, End-User Equipment និង WAN/LAN ឱ្យរួចរាល់នៅតាមក្រសួង-ស្ថាប័នទាំង ១០ ត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ ។ គួររម្លឹកផងដែរថា ក្រសួង-ស្ថាប័នទាំង១០ ដែលត្រូវដំឡើងឱ្យរួចរាល់នោះរួមមាន៖ ក្រសួងបរិស្ថាន ( MOE), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងឧស្សហកម្មនិងសិប្បកម្ម (MIH), ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (AFD-MEF), ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC), ក្រសួងសុខាភិបាល (MOH), ក្រសួងអប់រំយុវជនិងកីឡារាជធានីភ្នំពេញ(MOEYS), ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT), ក្រសួងកិច្ចការនារី (MOWA) និង ក្រសួងមុខងារសាធារណៈ (MCS) ។