
14
Jul, 2017
ការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និងប្រព័ន្ធគ្រប់គ្រងចំណូលពន្ធ (TAX SYSTEM) កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាលើការងារបច្ចេកទេស
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ បានជួបពិភាក្សាការងារជាមួយនឹងក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ អំពីលទ្ធភាពនៃការធ្វើសន្ធានកម្មរវាងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលពន្ធដារ (TAX SYSTEM) របស់អគ្គនាយកដ្ឋានពន្ធដារ។
កិច្ចពិភាក្សាដែលប្រព្រឹត្តិទៅរយៈពេលជាងពីរម៉ោង នៅនាយកដ្ឋានព័ត៌មានវិទ្យា នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបានលទ្ធផលមួយចំនួន ដោយក្នុងនោះលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្ដល់យោបល់ទៅអគ្គនាយកដ្ឋានពន្ធដារឱ្យគិតគូរអំពីតម្រូវការទិន្នន័យដែលប្រព័ន្ធពន្ធដារត្រូវការពីប្រព័ន្ធ FMIS ពាក់ព័ន្ធនឹងចំណូលកាត់ទុកដោយអគ្គនាយកដ្ឋានរតនាគារជាតិ ឬរតនាគាររាជធានីខេត្ត ។ ដោយឡែក ក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានយល់ និងដឹងអំពីតម្រូវការនៃការធ្វើសន្ធានកម្មទិន្នន័យចំណូលពន្ធដារចូលមកប្រព័ន្ធ FMIS ផងដែរ។
យ៉ាងណាក៏ដោយ ក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដារពុំទាន់អាចឆ្លើយតបអំពីលទ្ធភាពនៃការលើកឡើងរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅឡើយទេ ដោយស្នើសុំយកលទ្ធផល នៃកិច្ចប្រជុំនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋាន និងក្រុមការងារបច្ចេកទេសដែលកាន់ការងារផ្ទាល់ជាមួយប្រព័ន្ធពន្ធដារសិន ដោយសារក្រុមការងារបច្ចេកទេសដែលកាន់ការងារផ្ទាល់ជាមួយប្រព័ន្ធពន្ធដារមិនបានចូលរួមកិច្ចប្រជុំនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានស្នើសុំកិច្ចសហការបន្តពីក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារ និងស្នើសុំរៀបចំកិច្ចប្រជុំបន្តបន្ទាប់ទៀតពាក់ព័ន្ធនឹងលទ្ធភាពសន្ធានកម្ម និងការងារបច្ចេកទេសផ្សេងៗដែលនឹងធ្វើឱ្យការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធពន្ធដារប្រកបដោយភាពជោគជ័យ ។
គួរជម្រាបជូនថា កន្លងមកលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទទួលបានជោគជ័យផ្ទួនៗរួចមកហើយ ក្នុងការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ ASYCUDA របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ DMFAS របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល រួមជាមួយនឹងការទទួលបានជោគជ័យក្នុងការទាញយករបាយការណ៍ធនាគារជាមួយនឹងធនាគារជាតិ និងធនាគារពាណិជ្ជ ៕