
1
Dec, 2017
លេខាធិការដ្ឋាន FMWG រៀបចំវិបស្សនាដើម្បីត្រួតពិនិត្យលើវឌ្ឍនភាព និង បញ្ហាប្រឈមផ្សេងៗនៅក្នុងឆ្នាំ ២០១៧ សម្រាប់ជាធាតុចូលក្នុងការបន្តកែលម្អការអនុវត្តផែនការសម្មភាពនៅឆ្នាំ ២០១៨
លេខាធិការដ្ឋាន FMWG (នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន) បានរៀបចំវិបស្សនាចំនួនពីរថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ ក្នុងគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និង បញ្ហាប្រឈមជាក់ស្តែងផ្សេងៗជារួមនៅក្នុងឆ្នាំ ២០១៧ សម្រាប់ជាធាតុចូលក្នុងការបន្តកែលម្អការអនុវត្តផែនការសម្មភាពនៅឆ្នាំ ២០១៨ ខាងមុខ ជាពិសេស ការរៀបចំផែនការលម្អិត ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការដើមឆ្នាំ ២០១៨ ។ បន្ថែមពីវត្ថុបំណងខាងលើ ការរៀបចំវិបស្សនានេះឡើង ដើម្បីធ្វើការជួបជុំធំរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ទាំងក្រុមការងារគម្រោង FMIS និង ក្រុមការងារនាយកដ្ឋាន ក្នុងគោលបំណងប្រមូលនូវមតិយោបល់កែលម្អបន្ថែមពីមន្រ្តី សម្រាប់ធ្វើការកែលម្អ និង ផ្តល់នូវសារលើកចិត្តជូនមន្រ្តី ឱ្យបន្តការខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយភាពរលូន, ប្រសិទ្ធភាព និង ជោគជ័យ ។
បន្ទាប់ពីការរៀបចំវិបស្សនាបានបញ្ចប់ លេខាធិការដ្ឋាន FMWG សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
- ការបង្កើនភាពស្និទ្ធស្នាល, ការរួបរួមសាមគ្គី, ការជួយជ្រោមជ្រែង និង ការសហការរវាងក្រុមការងារនីមួយៗ និង គ្រប់ឋានានុក្រម ដើម្បីសម្រេចឱ្យបានតាមផែនការដែលបានដាក់ចេញទាំងក្នងក្របខ័ណ្ឌគម្រោង និង ក្របខ័ណ្ឌនាយកដ្ឋានផ្ទាល់
- ការទទួលបានមូលដ្ឋានគ្រឹះដែលជាធាតុចូលចាំបាច់សំខាន់ៗក្នុងការជ្រើសរើសក្រសួង-ស្ថាប័ន និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ដាក់ជូនអគ្គនាយកដ្ឋានពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ កសហវ ពិនិត្យ និង សម្រេចឯកភាព ។
- ការយល់ដឹងស៊ីជម្រៅអំពីផែនការលម្អិតដើម្បីធានាចីរភាពសម្រាប់ការត្រៀមលក្ខណៈដាក់ប្រព័ន្ធ FMIS ឱ្យក្រសួង-ស្ថាប័នទាំង ១០ អនុវត្តប្រព័ន្ធ FMIS ជាផ្លូវការ នៅដើមឆ្នាំ ២០១៨
- ក្រុមអនុវត្តការងារនៃផ្នែកនីមួយៗ បានយល់ច្បាស់ពីសម្មភាពដែលត្រូវអនុវត្ត និង ត្រៀមខ្លួនដើម្បីអនុវត្តសកម្មភាពប្រកបដោយភាពរលូន និង ការសហការ ធានាសម្រេចបានតាមសូចនាករដែលបានដាក់ចេញ
- ការទទួលបានការណែនាំ, ការចង្អុលបង្ហាញ, ការឆ្លើយតបនឹងសំណូមពរ និង ការសម្រេចនានាពីថ្នាក់ដឹកនាំ ។
គួរជម្រាបជូនថា បច្ចុប្បន្នលេខាធិការដ្ឋាន FMWG (នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន) បានខិតខំជំរុញអនុវត្តការងារស្របទៅតាមផែនការសម្មភាពដែលបានគ្រោងទុកនៃការអនុវត្តគម្រោង FMIS ជំហានទី២ ឆ្នាំ២០១៧ និង បានធ្វើរបាយការណ៍ជាប្រចាំខែ និង ប្រចាំត្រីមាស ដើម្បីបង្ហាញនូវសមិទ្ធផល, បញ្ហាប្រឈម និង សំណូមពរនានា ជូនគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ រហូតមកដល់ពេលនេះ លេខាធិការដ្ឋានបានខិតខំយ៉ាងមោះមុត ទោះបីជួបប្រទះនូវបញ្ហាប្រឈម និង ឧបសគ្គជាបន្តបន្ទាប់ក៏ដោយ ក៏ក្រុមការងារ សម្រេចបានជាបណ្តើរនូវការងារចម្បងៗជាច្រើន ដូចជា ការងារដេញថ្លៃ, ការរៀបចំនីតិវិធីអនុវត្តការងារអនាគត, ការបណ្តុះបណ្តាលទាំងក្រុមការងារផ្ទាល់, ការបណ្តុះបណ្តាលអ្នកដែលត្រូវប្រើប្រាស់នៅតាមក្រសួង-ស្ថាប័នទាំង១០ និង ការដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅតាមក្រសួងស្ថាប័នទាំងនោះ ៕