
25
Sep, 2019
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបើកវគ្គបណ្តុះបណ្តាលអំពីការបង្កើនការយល់ដឹងលើសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលពីការបង្កើនការយល់ដឹងលើសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានជូនដល់មន្រ្តីរាជការដែលមានតម្រូវការនៅអគ្គនាយកដ្ឋានទាំងអស់ដែលចំណុះឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដោយសំឡឹងឃើញពីសារប្រយោជន៍ និងចំណុចសំខាន់ចាំបាច់មួយចំនួន ដែលមន្រ្តីរាជការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរយកចិត្តទុកដាក់លើសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានក្នុងការអនុត្តការងារប្រចាំថ្ងៃ និងយោងតាមតម្រូវការជាក់ស្តែង និងការស្នើសុំពីមន្រ្តីរាជការមួយចំនួនផងដែរ។
មាតិកាសំខាន់ៗរបស់វគ្គបណ្តុះបណ្តាលមាន កត្តាប្រឈមនៃសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន, ការពង្រឹងសុវត្ថិភាពលើប្រព័ន្ធប្រតិបត្តិការ, កត្តាសុវត្ថិភាពគួរយល់ដឹងពេលប្រើប្រាស់សារអេឡិចត្រូនិច បណ្តាញទំនាក់ទំនងសង្គម Smartphone, គន្លឹះសម្រាប់បង្កើត និងគ្រប់គ្រងពាក្យសម្ងាត់, កត្តា Physical Security ដែលគួរយល់ដឹង និងកត្តាសុវត្ថិភាពផ្សេងៗទៀត។