+855 23 43 00 63

21

Sep, 2023

JICA នឹងរៀបចំគម្រោងវគ្គបណ្តុះបណ្តាលស្តីពី Cyber Resilience នៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន Japan International Cooperation Agency (JICA) បានគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលផ្នែកគាំទ្រប្រព័ន្ធអ៊ីនធឺណិតស្តីពី “ការលើកកម្ពស់ភាពអត់ធន់នៃសន្តិសុខសាយប័រ – Cyber Resilience នៅក្នុងប្រទេសកម្ពុជា” នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។


ជំនួបលើកដំបូងនេះ ដឹកនាំដោយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីលោក Yasumitsu ISHIKAWA, លោកស្រី Yukiyo YAMADA, លោក វង្ស តុលា ទីប្រឹក្សាតំណាងទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា និង មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។


ជំនួបកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីដំណើរការអនុវត្តគម្រោងខាងលើដែលមានរយៈពេលជិត ៤ឆ្នាំ ជូនដល់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធិភាព និងពង្រឹងកិច្ចសហការល្អរវាងក្រសួង-ស្ថាប័នក្នុងស្រុក និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ លើផ្នែកសន្តិសុខសាយប័រ ។តំណាងទីភ្នាក់ងារ JICA បានបញ្ជាក់ផងដែរថា JICA នឹងបន្តទំនាក់ទំនងជាមួយមន្ត្រីបង្គោលបន្ថែមទៀត ដើម្បីផ្តល់ព័ត៌មានផ្សេងៗ ស្តីពីគម្រោងនៃវគ្គបណ្តុះបណ្តាលខាងលើ ដោយគ្រោងនឹងផ្តល់ជូនគម្រូមុខវិជ្ជា និង ពេលវេលានៃវគ្គបណ្តុះបណ្តាលមកកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងពេលឆាប់ៗ ។


ជាទីបញ្ចប់, ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់តំណាងទីភ្នាក់ងារ JICA ដែលបានគិតគូរអំពីសុវត្ថិភាពសាយប័រ និង សង្ឃឹមថាមន្ត្រីនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS និងមន្ត្រីជំនាញនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងសាធារណៈជន នឹងទទួលបាននូវវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ដើម្បីទទួលបានការកសាងសមត្ថភាពលើផ្នែកសន្តិសុខសាយប័រ ឱ្យបានកាន់តែប្រសើរឡើង និងធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការអនុវត្តការងារ ។