+855 23 43 00 63

30

Aug, 2017

គណៈប្រតិភូឡាវសរសើរពីការផ្លាស់ប្តូរដ៏រហ័សនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិត Atsphangthong SIPHANDONE អនុរដ្ឋមន្រ្តីនៃក្រសួងហិរញ្ញវត្ថុប្រជាធិបតេយ្យប្រជាមានិតឡាវ បានកោតសរសើរដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ជាពិសេសមានប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS ) ដែលជួយជំរុញឱ្យការកែទម្រង់មានភាពរីកចំរើន និងមានសមិទ្ធផលគួរឱ្យកត់សម្គាល់។

ឯកឧត្តមបណ្ឌិត  Atsphangthong SIPHANDONE បានសំដែងការកោតសរសើរនេះ ក្នុងអំឡុងពេលដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រសួងហិរញ្ញវត្ថុឡាវ ចំនួន២២រូប មកធ្វើទស្សនកិច្ចសិក្សានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ពិសេសផ្តោតសំខាន់លើប្រព័ន្ធ FMIS កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។

ឯកឧត្តមបណ្ឌិត  Atsphangthong SIPHANDONE បានមានប្រសាសន៍ថា ក្រុមគណៈប្រតិភូឡាវ ពិតជាបានទទួលនូវចំណេះដឹង និង បទពិសោធន៍ល្អៗជាច្រើនតាមការរំពឹងទុកពីកម្ពុជា បើទោះជាដំណើរទស្សនកិច្ចសិក្សានេះមានរយៈពេលខ្លីក៏ដោយ ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះលេខាធិការដ្ឋាន FMWG ដែលបានចែករំលែកនូវបទពិសោធន៍យ៉ាងលម្អិតជុំវិញការអនុវត្តគម្រោង FMIS និងគ្រោងអញ្ជើញលេខាធិការដ្ឋាន FMWG ធ្វើទស្សនកិច្ច និង ផ្តល់ប្រឹក្សានៅប្រទេសឡាវ ដើម្បីផ្តល់ជាធាតុចូលបន្ថែម លើការរៀបចំកសាងប្រព័ន្ធ FMIS របស់ក្រសួងហិរញ្ញវត្ថុឡាវ ។

ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្តែងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធ FMIS ត្រូវបានចាត់ទុកថាជាឆ្អឹងខ្នង និង ជាឧបរណ៍ពុំអាចខ្វះបានក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ដំណាក់កាលនៅកម្ពុជា។ ជារួមប្រព័ន្ធ FMIS នេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពនៃការអនុវត្តថវិការបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា ភាពជោគជ័យនៃការអនុវត្តគម្រោង FMIS នេះ ដោយសារតែមានការចូលរួមពីដៃគូអភិវឌ្ឍន៍ទាំងអស់ដែលធ្លាប់បានជួយជ្រោមជ្រែងគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ជាពិសេសសហគមន៍អឺរ៉ុប និង ធនាគារពិភពលោក ហើយ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ និង នៅគ្រប់ក្រសួង-ស្ថាប័ននៅកម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។

ក្នុងឱកាសនោះដែរ លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានសរសើរដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាថា ពិតជាទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដលើប្រព័ន្ធ FMIS ដែលភាពជោគជ័យនេះ គឺជាសមិទ្ធផលដ៏ចាំបាច់ និង ផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ។ លោក George Edgar បានមានប្រសាសន៍បន្ថែមទៀតថា សហភាពអឺរ៉ុប សន្យាបន្តគាំទ្រជានិច្ចទាំងជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេស សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី២ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ។

គួរជម្រាបជូនផងដែរថា កត្តាដែលបានជំរុញឱ្យគណៈប្រតិភូឡាវ រៀបចំឱ្យមានការបំពេញទស្សនកិច្ចសិក្សានៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនេះ គឺដោយសារកត្តាគន្លឹះសំខាន់ៗចំនួន ៤ គឺ ទី១សហគមន៍អឺរ៉ុប និង ធនាគារពិភពលោកជាតំណាងដៃគូរអភិវឌ្ឍន៍ទាំងអស់ធ្លាប់បានជួយជ្រោមជ្រែងគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងហិរញ្ញវត្ថុឡាវ ដែលបាននិងកំពុងធ្វើការកែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនឱ្យមកសិក្សា និង ដកយកបទពិសោធន៍ពីដំណើរការ និង ភាពជោគជ័យជាក់ស្តែងក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ។ ទី២ការអនុវត្តគម្រោង FMIS នៅកម្ពុជា ត្រូវបានចំណាយថវិកាតាមការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និង តម្លាភាព រួមជាមួយនឹងការសម្រេចបាននូវគោលដៅគន្លឹះៗនីមួយៗនៃផែនការអនុវត្តគម្រោងទាំងមូល ដោយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកែលម្អគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលមានលក្ខណៈទំនើប និង ទាន់សម័យកាល ។ ទី៣-អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះគឺក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការយកចិត្តទុកដាក់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារស្នូលអនុវត្តគម្រោង FMIS បានចូលរួមខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និង អនុវត្តគម្រោងជំហានទី១ ជាមួយនឹងការបណ្តុះបណ្តាលនានាទាំងក្នុងនិងក្រៅប្រទេស និង ការព្យាយាមស្វ័យសិក្សានិងស្រាវជ្រាវ រហូតអាចបន្តធ្វើការងារបានដោយខ្លួនឯង, មានភាពម្ចាស់ការដោយខ្លួនឯង និង ដោះស្រាយបញ្ហានានាដោយខ្លួនឯងក្នុងការអនុវត្តគម្រោងនៅជំហានបន្ត ជាពិសេសគឺគម្រោង FMIS នៅជំហានទី២ ។ ទី៤-កត្តាជំរុញបន្ថែមមួយទៀតនោះ គឺតម្លៃនៃការដាក់ឱ្យអនុវត្ត និង ភាពជោគជ័យរបស់ប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ប្រព័ន្ធ និង នៅគ្រប់ការដ្ឋាន (ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ) និង អ្នកពាក់ព័ន្ធនៅគ្រប់កម្រិត ថាពិតជាបានផ្ដល់នូវតម្លៃប្រកបដោយគុណវុឌ្ឍខ្ពស់ ហើយជាក់ស្តែងជាងនេះទៀត ប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ និង វាយតម្លៃដោយដៃគូអភិវឌ្ឍន៍ថា ជាធាតុផ្សំដ៏ធំជាងគេក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលគេទទួលបានជោគជ័យក្នុងកម្រិត “Satisfactory” បន្ទាប់ពីបញ្ចប់គម្រោងហិរញ្ញប្បទាន និង ការត្រួតពិនិត្យបញ្ជាក់លើលទ្ធផលនៃការអនុវត្តគម្រោង FMIS ទាំងមូល ដោយធនាគារពិភពលោក, សហគមន៍អឺរ៉ុប និង រូបិយវត្ថុអន្តរជាតិ ហើយការវាយតម្លៃនេះ បានផ្តល់នូវលទ្ធភាពគ្រប់គ្រាន់ និង មូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបន្តបោះជំហានឆ្ពោះទៅអនុវត្តគម្រោង FMIS ជំហានទី២ បន្តទៀត ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ FMIS បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះប្រព័ន្ធថ្មីមួយនេះ ធ្វើឲ្យកម្ពុជាមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងថវិការួមមួយ, ការត្រួតពិនិត្យឥណទានថវិកាធ្វើឡើងដោយស្វ័យប្រវត្តិពេលធ្វើធានាចំណាយ, ទូទាត់ចំណាយ, និងនិយ័តភាពថវិកា, តាមដាន និងរៀបចំកិច្ចបញ្ជីការបានរហ័ស និង មានតម្លាភាពតាមស្ដង់ដារគណនេយ្យ, របាយការណ៍របស់ធនាគារត្រូវបានទាញចូលក្នុងប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ, ទិន្នន័យចំណូលពន្ធគយត្រូវបានទាញចូលក្នុងប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ, ធ្វើការទូទាត់បានតាមប្រព័ន្ធ Electronic Fund Transfer, ការផលិតរបាយការណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈស្តង់ដារជាដើម ។ ប្រព័ន្ធ FMIS មិនត្រឹមតែជាកតាលីករដ៏សំខាន់ សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យឈានទៅសម្រេចបានតាមចក្ខុវិស័យដ៏ពិតប្រាកដតែប៉ុណ្ណោះទេ គឺប្រព័ន្ធ FMIS ថែមទាំងជួយពង្រឹងការបែងចែកធនធាន ចំទិសដៅ, រួមចំណែកកែលម្អគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ឱ្យមាន លក្ខណៈទំនើប និង ទាន់សម័យកាល ហើយនឹងនាំមកនូវផលិតភាពខ្ពស់សម្រាប់កម្ពុជាទាំងមូល ៕