+855 23 43 00 63

7

Nov, 2023

ថ្នាក់ដឹកនាំ និង មន្ត្រីនៃ ប.គ.ហ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមសិក្ខាសាលាស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ លើកទី៣ ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល

ដោយ៖: | Tags: | មតិយោបល់: 0

សាលាភូមិន្ទរដ្ឋបាល បានរៀបចំសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” លើកទី ៣ ជូនដល់សិក្ខាកាមនៅតាមបណ្តាក្រសួង-ស្ថាប័ន នៃជំនាន់ទី៥ តាមរយ:ប្រព័ន្ធ (Microsoft team) នាព្រឹកថ្ងៃ អង្គារ ៩រោច ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមសហការរៀបចំពី ក្រសួងមុខងារសាធារណៈ, សហភាពអឺរ៉ុបប្រចាំកម្ពុជា, ជំនួយអូស្ត្រាលី និង ធនាគារពិភពលោកប្រចាំកម្ពុជា ។
ជាមួយគ្នាដែរ លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចូលរួម ស្វែងយល់ក្នុងវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់ ភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ក្នុងវិស័យមុខងារសាធារណៈ ចាប់ពីកម្រិតមន្ត្រីរាជការក្រោមឱវាទ រហូតដល់កម្រិតថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័ន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សិក្ខាសាលាលើកទី៣ នេះ បានពន្យល់លម្អិតពីអ្នកគ្រូ លោកគ្រូបង្គោលលើមេរៀនស្នូល ចំនួន ៦ មេរៀន រួមមាន៖
– ការដឹកនាំកិច្ចការពង្រឹងស្ថាប័ន
– ការផ្តល់សេវាសាធារណៈផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋ
– ការបំផុសឱ្យមានភាពច្នៃប្រឌិតក្នុងការផ្តល់សេវា
– ការកសាង និង រក្សាការផ្តល់សិទ្ធិអំណាច
– ការរៀបចំ និង ការអនុវត្តដំណើរការដំណោះស្រាយដំបូង
– ការសិក្សារៀនសូត្រពីដំណើរការដោះស្រាយបញ្ហាដំបូង និង យន្តការពង្រីកដំណោះស្រាយបញ្ហា
ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូបង្គោលក៏បានពន្យល់លម្អិតបន្ថែមទៅលើ កត្តាគន្លឹះជោគជ័យទាំង ៨ ក្នុងការគ្រប់គ្រងកំណែទម្រង់៖ ១. យុទ្ធសាស្ត្រដែលប្រកបដោយអានុភាព, ២. ភាពច្បាស់លាស់នៃចក្ខុវិស័យ, ៣. ភាពជាអ្នកដឹកនាំ និង គណនេយ្យភាព, ៤. ការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ, ៥. ពង្រឹងសមត្ថភាពការងារកំណែទម្រង់, ៦. សមត្ថភាពគ្រប់គ្រងគម្រោងខ្លាំង, ៧. ការប្រាស្រ័យទាក់ទងគ្នា និង ៨. ការអនុវត្តការងារ និង វប្បធម៌អនុវត្តការងារមានភាពស៊ីសង្វាក់គ្នា ។ ជាមួយគ្នានេះ ការសិក្សាពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ស្របពេលជាមួយនិងការចំណាយថវិកាតិចតែទទួលបានប្រសិទ្ធភាពខ្ពស់ និង ដំណើរការនៃការច្នៃប្រឌិតក្នុងការផ្តល់សេវាសាធារណៈក៏ជាកត្តាសំខាន់ ៕