
15
Jun, 2016
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF-International Monetary Fund) បន្តគាំទ្រដល់ដំណើរការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ដូចជាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
នៅក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦ លោក Sandeep Saxena សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញនូវជំហរបស់ខ្លួនការគាំទ្រដល់ដំណើរការនៃការអនុវត្តគម្រោង FMIS ជាពិសេសការបន្តពង្រីកការអនុវត្តគម្រោងនៅជំហានទី ២ ដល់គ្រប់ក្រសួង-ស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ។
លោក Sandeep បានឯកភាពទាំងស្រុងដល់ការលើកឡើងរបស់បណ្ឌិត ហ៊ាន សាហ៊ីប ថា “ការបន្តពង្រីកប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន និង ថ្នាក់ក្រោមជាតិ គឺជាចំណុចចាប់ផ្ដើមនៃការឈានឆ្ពោះទៅរកការសម្រេចបានតាមគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ពោលគឺ ប្រព័ន្ធ FMIS គឺជាឧបករណ៍គន្លឹះមិនអាចខ្វះបានក្នុងការសម្រួលដល់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង សមិទ្ធកម្មទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួង-ស្ថាប័នថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិជាអ្នកអនុវត្ត” ។
លោក Sandeep បានឯកភាពតាមការស្នើសុំរបស់បណ្ឌិត ហ៊ាន សាហ៊ីប ក្នុងការបន្តផ្ដល់នូវជំនួយបច្ចេកទេសជូនដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងការបញ្ចប់នៅការងារសំខាន់ៗ ដូចជា៖ ១-ការបញ្ចប់ទម្រង់របាយការណ៍ស្ថិតិរដ្ឋាភិបាល (GFS-Government Financial Statistics) តាមរយៈព័ត៌មានពីប្រព័ន្ធ FMIS ដោយត្រូវមកធ្វើការផ្ទាល់ជាមួយនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ២-ការបញ្ចប់ទម្រង់របាយការណ៍ស្ដង់ដារគណនេយ្យសម្រាប់វិស័យសាធារណៈ (IPSAS-International Public Sector Accounting Standards) ដែលលោកក៏បានបញ្ជាក់ផងដែរថា ទម្រង់របាយការណ៍កំពុងត្រូវបានកែសម្រួលដោយ IMF ផងដែរ, ៣-ជួយដល់អគ្គនាយកដ្ឋានថវិកាក្នុងការរៀបចំបញ្ចប់ប្លង់ចំណាត់ថ្នាក់ថវិកា ជាពិសេសពាក់ព័ន្ធនឹងចំណាត់ថ្នាក់មុខងាររបស់រដ្ឋាភិបាល ដែលត្រូវបន្ស៊ីជាមួយ ចំណាត់ថ្នាក់ COFOG (Classification Of the Functions Of Government), ៤-ជួយរៀបចំរបាយការណ៍គ្រប់គ្រងសាច់ប្រាក់ និង ការធ្វើការព្យាករតម្រូវការសាច់ប្រាក់ និង ៥-ការបណ្ដុះបណ្ដាលតាមកម្មវិធីរបស់ IMF ដែលត្រូវបានស្នើសុំឱ្យធ្វើនៅកម្ពុជាផ្ទាល់តែម្ដង ព្រោះកន្លងមក IMF បានផ្ដល់កម្មវិធីបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការក្នុង ចំនួនមួយកំណត់តាមកម្មវិធីនីមួយៗទៅសិក្សានៅតាមប្រទេសក្នុងតំបន់ដូចជា ប្រទេសសឹង្ហបុរី, ហ្វីលីពីន, សហរដ្ឋអាមេរិក និង អ៊ីតាលី ជាដើម ។ ក្នុងចំណុចនេះ បណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា “ប្រសិនបើ IMF អាចសហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការផ្ដល់គ្រូឧទ្ទេស និង ផ្ដល់កម្មវិធីសិក្សាល្អៗ នៅកម្ពុជា នោះនឹងមានផលចំណេញច្រើនជាងការផ្ដល់ឱកាសជូនមន្ត្រីទៅសិក្សានៅបរទេស ដោយហេតុផលថា កម្មវិធីបណ្ដុះបណ្ដាលនៅក្នុងស្រុកនឹងផ្ដល់ឱកាសច្រើនដល់មន្ត្រីរាជការកម្ពុជាចំនួនច្រើនទទួលបាននូវកម្មវិធីបណ្ដុះបណ្ដាល, ចំណាយថ្លៃដើមតិច និង ចំណេញពេលវេលាជាមួយនឹងការដកបទពិសោធន៍ជាក់ស្ដែងផ្ដោតលើបរិការណ៍កម្ពុជាជាមួយនឹងស្ថានភាពនៅក្នុងតំបន់ និង ជុំវិញពិភពលោក” ។ ជាការឆ្លើយតប លោក Sandeep នឹងនាំយកការស្នើសុំនេះដាក់ជូនថ្នាក់ដឹកនាំ IMF សម្រេច និង បានគូសរំលេចពីសេចក្ដីសង្ឃឹមដំបូងថានឹងអាចធ្វើបានមុនគេ លើកម្មវិធីបណ្ដុះបណ្ដាលគ្រូឧទ្ទេសកម្ពុជា (Training of the Trainers) ។
ផ្ដោតមកវិញលើបញ្ហាជុំវិញការអនុវត្តប្រព័ន្ធ FMIS ជំហានទី១ នេះ សេដ្ឋវិទូ IMF រូបនេះបានផ្ដល់នូវអនុសាសន៍ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុគួរស្រង់យកមេរៀនល្អៗពីបណ្ដាប្រទេសដែលបានអនុវត្តប្រព័ន្ធ FMIS ដែលក្នុងនោះលោកបានទាញចំណាប់អារម្មណ៍ថា “ដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMIS បានជោគជ័យ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គួរផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធ្វើប្រតិបត្តិការតាមប្រព័ន្ធថ្មីនេះ និងរួមគ្នារិះរកវិធីសាស្ត្រដោះស្រាយបញ្ហាដែលអាចកើតមានឡើងជាយថាហេតុជាមួយប្រព័ន្ធថ្មី ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះដំណើរការបានដោយរលូនក្នុងពេលដ៏ខ្លី និង ពុំគួរចំណាយពេលវេលាច្រើនលើប្រព័ន្ធចាស់ ឬ របៀបរបបធ្វើការងារចាស់ច្រើនឡើយ” ។ ជាបទពិសោធន៍លោកបានបញ្ជាក់ថាសម្រាប់ប្រទេសដែលអនុវត្តតាមវិធីសាស្ត្រនេះ ចំណាយពេលវេលាមិនដល់ ៦ ខែ ឬ យ៉ាងច្រើន ១ ឆ្នាំក្នុងការធ្វើឱ្យប្រព័ន្ធថ្មីដំណើការបានប្រកបដោយស្ថិរភាព ។
ជាកិច្ចថ្លែងអំណរគុណ បណ្ឌិត ហ៊ាន សាហ៊ីប បានរំលឹកអំពីការជួយជ្រោមជ្រែងរបស់ IMF ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពន្លឿនការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាកន្លងមក និង បានផ្ដល់លោក Suhas Joshi ទីប្រឹក្សាប្រចាំតំបន់ (ដែលនឹងបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងតំបន់នៅដំណាច់ខែ មិថុនា ឆ្នាំ ២០១៦ នេះ) ក្នុងការបំពេញការងារយ៉ាងជិតស្និទ្ធិជាមួយកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការផ្ដល់ការចែករំលែកចំណេះដឹង និង កម្មវិធីកសាងសមត្ថភាពជាច្រើនលើផ្នែកគ្រប់គ្រងគណនីសាច់ប្រាក់ និង ធនាគារ, ការពង្រឹងការអនុវត្តមូលដ្ឋានគណនេយ្យ, ការគ្រប់គ្រងថវិកាចំណូលចំណាយជាតិទាំងផ្នែកចរន្ត និង មូលធន, ការវិភាគម៉ាក្រូសេដ្ឋកិច្ច, របាយការណ៍ IPSAS, ការពង្រឹងការកសាង និង រៀបចំផែនការអនុវត្តគម្រោង FMIS ប្រកបដោយប្រសិទ្ធភាព និង ថ្មីៗនេះគឺការបណ្ដុះបណ្ដាលមន្ត្រីនៃអគ្គលេខាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការធ្វើការវិភាគ PEFA បានដោយខ្លួនឯង ។ ក្រៅពីនេះ IMF ក៏បានផ្តល់នូវជំនួយបច្ចេកទេសក្នុងការផ្ដល់ជាអនុសាសន៍លើការរៀបចំផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការផ្ដល់អនុសាសន៍លើការអនុវត្តគម្រោង FMIS ជំហានទី ១ ផងដែរ ។
សរុបកិច្ចប្រជុំនេះ ភាគី IMF បានផ្ដល់នូវការកោតសរសើរ និង វាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងជាពិសេសការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានឯកឧត្តមបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី ជាអ្នកដឹកនាំផ្ទាល់ ដែលបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើន និង មានស្ថិរភាពប្រកបដោយចីរភាពក្នុងរយៈកាលកន្លងមក ហើយ IMF ក៏បានប្ដេជ្ញារួមចំណែកសហការជួយកម្ពុជាក្នុងការសម្រេចបាននូវបេសកកម្មរបស់ខ្លួនជូនប្រជាជនកម្ពុជា ។