+855 23 43 00 63

28

Nov, 2018

ជំនួបរវាងតំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS និង តំណាងបេសកកម្មរបស់សហគមន៍អឺរ៉ុប (EU-European Union)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS-Financial Management Information System Project) នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ បានជួបពិភាក្សាជាមួយតំណាងបេសកកម្មរបស់សហគមន៍អឺរ៉ុប រួមមានលោក Dubrost Sebastien និង លោក Castillo Javier ក្នុងគោលបំណងស្វែងយល់អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS នៅកម្ពុជា ។ នៅក្នុងជំនួបពិភាក្សានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី២ ដោយជារួមក្រុមការងារសម្រេចបានតាមផែនការមេរបស់គម្រោងសម្រាប់ការអនុវត្តនៅឆ្នាំ ២០១៨ ទោះបីជាមានបញ្ហាប្រឈមមួយចំនួន ប៉ុន្តែក្រុមការងារក្រោមការចង្អុលបង្ហាញពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និង ការដឹកនាំផ្ទាល់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការកសហវ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្រេចនូវការងារជាសារវ័ន្តដូចជា ៖ ការបញ្ចប់ជាស្ថាពរនូវការបណ្ដុះបណ្ដាលវគ្គអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជូនបណ្ដាក្រសួងថ្មីបន្ថែមចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ២៥ ជាមួយនឹងការបញ្ចប់ការដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង ម៉ាស៊ីនកុំព្យូទ័រ, ការដំឡើងម៉ាស៊ីនមេថ្មីសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធ FMIS ជំហានទី២នៅក្នុងមជ្ឈមណ្ឌលទិន្នន័យថ្មីត្រូវបានបញ្ចប់, ការរៀបចំអនុវត្តគម្រោងជូនអង្គភាពថវិកាពេញសិទ្ធិដែលនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងការរៀបចំផែនការសកម្មភាព និង យុទ្ធសាស្ត្រនានា ក្នុងការពង្រឹងប្រសិទ្ធភាព និង គណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការឈានដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ទាំងស្រុងដោយកាត់បន្ថយលើនីតិវិធីប្រើប្រាស់ក្រដាសស្នាម។

ឆ្លើយតបទៅនឹងសំណួររបស់តំណាងសហគមន៍អឺរ៉ុបក្នុងការបញ្ជាក់អំពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ថាតើមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ការអនុវត្តថវិកាផ្អែកលើសមិទ្ធកម្មហើយឬនៅ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ជាក់ថា ប្រព័ន្ធ FMIS បច្ចុប្បន្នមានពីរជម្រើសធំៗគឺ ៖ជម្រើសទី១-បច្ចុប្បន្នក្រុមការងារកំពុងធ្វើរៀបចំនូវប្រព័ន្ធឃ្លាំងផ្ទុកទិន្នន័យ (Data warehouse) ជាមួយនឹងការប្រើប្រាស់ឧបករណ៍ធុរកិច្ចវៃឆ្លាត (BI-Business Intelligent) ដែលនៅពេលខាងមុខនឹងធ្វើសន្ធានកម្មភ្ជាប់ (Interfacing) ជាមួយប្រព័ន្ធតាមដាននិងវាយតម្លៃលើសូចនាករ (ប្រសិនបើមាន) ឬ ការទាញយកព័ត៌មានស្ដីពីវឌ្ឍនភាពនៃសូចនាករសមិទ្ធផលមកដាក់ក្នុងឃ្លាំងផ្ទុកទិន្នន័យ ដោយការផ្សារភ្ជាប់ជាមួយចំណាត់ថ្នាក់រដ្ឋបាល, ចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់គម្រោង។ ជម្រើសទី២-គឺការបង្កើតបន្ថែមនូវចំណាត់ថ្នាក់នៃមាតិកាថវិកាថ្មីដើម្បីកត់ត្រានិងតាមដានសូចនាករសមិទ្ធកម្ម ដូចដែលកំពុងអនុវត្តនៅក្នុងប្រព័ន្ធ SPAN នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានមាតិកាថវិកាចំនួន ៣ បន្ថែមគឺ ១-Input classification,២-Output classification,៣-Outcome classification។ គួរបញ្ជាក់ថា ជម្រើសទី១ មិនបានព័ត៌មានភ្លាមៗជា Real time ឡើយ ប៉ុន្តែជម្រើសនេះត្រូវបានទទួលការគាំទ្រពីតំណាងក្រុមបេសកកម្មនេះ ដោយហេតុថាជាធម្មតាសមិទ្ធកម្មគួរពិនិត្យតាមឆមាសនៃឆ្នាំប៉ុណ្ណោះ។

ក្រុមការងារបេសកកម្មសហគមន៍អឺរ៉ុបបានស្នើថាប្រព័ន្ធ FMIS គួរត្រូវបានពង្រីកឱ្យដល់គ្រប់អង្គភាពថវិកា និង ជាពិសេសនៅថ្នាក់ក្រោមជាតិ (បណ្ដាខេត្ត ស្រុក និង មន្ទីរ) ជាមួយនឹងការអនុវត្តថវិកាប្រភពពីដៃគូអភិវឌ្ឍន៍នៅ តាមប្រព័ន្ធ FMIS ផងដែរ។ ជាការឆ្លើយតប ក្រុមការងារបានបញ្ជាក់ផងដែរថានេះគឺជាចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីឆន្ទៈ និង ការប្ដេជ្ញាចិត្តក្នុងការបន្តដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ដល់គ្រប់អង្គភាពថវិកាទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ នៅក្នុងជំហានជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហគមន៍អឺរ៉ុបដែលតែងតែបានយកចិត្តទុកដាក់គាំទ្រដល់រាជរដ្ឋាភិបាល ជាពិសេសក្នុងដំណើរការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការយកចិត្តទុកដាក់ជាពិសេសលើការអនុវត្តគម្រោង FMIS និង បានស្នើសុំ ដល់សហគមន៍អឺរ៉ុបបន្ដគាំទ្រដល់បេសកកម្មនេះនៅគ្រប់ជំហានជាបន្តបន្ទាប់ទៀត ៕