+855 23 43 00 63

17

Jan, 2024

កិច្ចប្រជុំគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រួតពិនិត្យប្រចាំត្រីមាសទី៤ និង ប្រចាំឆ្នាំ ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៤ និង ប្រចាំឆ្នាំ ២០២៣ នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ នាព្រឹកថ្ងៃ ពុធ ៧ កើត ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៤ ដែលមាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ សរុបប្រមាណជិត ៥០០ រូប ។

ក្នុងអង្គប្រជុំទាំងមូលផ្តោតទៅលើរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ ២០២៣ នៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៤ និង របកគំហើញនៃរបាយការណ៍សិក្សានិងវាយតម្លៃ អំពីការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និង ប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងតម្រង់វិថីកែទម្រង់កាន់តែឆ្ពោះទៅរកគន្លង នៃប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និង គណនេយ្យភាពក្នុងបរិបទជាក់ស្តែង នៃកម្ពុជា ។ ជាមួយគ្នានេះ, អង្គប្រជុំក៏បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ ផ្តោតសំខាន់ទៅលើ ការធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីចំណាយថវិកាចរន្តនៅតាមក្រសួង-ស្ថាប័ន និង ពង្រីកការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទៅដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី ។

តាមរយៈរបាយការណ៍វាយតម្លៃលើការអនុវត្ត FMIS បានបង្ហាញឱ្យឃើញថា ការអនុវត្ត FMIS សម្រាប់ឆ្នាំ ២០២៣ គឺសម្រេចបានតាមសូចនាករដែលបានដាក់ចេញកាលពីដើមឆ្នាំ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត និង ស្នើដល់ក្រសួង-ស្ថាប័នដែលមិនទាន់បានចូលរួមអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង ត្រៀមខ្លួនក្នុងការចូលរួម ដើម្បីឱ្យការអនុវត្តការងារហិរញ្ញវត្ថុកាន់តែទទួលបានប្រសិទ្ធភាព និង បានលើកទឹកចិត្តក្នុងការផ្តល់សិទ្ធិ និង ជំរុញឱ្យអង្គភាពថវិកាក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទិ្ធពេញលេញ ដែលអង្គភាពទាំងនោះនឹងត្រូវប្រើប្រាស់ FMIS សម្រាប់ការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុដោយខ្លួនឯង ព្រមទាំងអាចគ្រប់គ្រង ចាត់ចែង និង ទទួលខុសត្រូវលើថវិការបស់ខ្លួនផ្ទាល់ ដើម្បីជួយសម្រួលដល់នីតិវិធីទូទាត់បានកាន់តែមានភាពងាយស្រួល រហ័ស និង មានតម្លាភាព ។

ជាការសន្និដ្ឋានរួម, ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដារ និង ឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និង គណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និង ធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ច-សង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់ ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង ក្រុមការងារពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ និង បុរេសកម្ម ដោយទទួលបានប្រសិទ្ធភាពគួរកត់សម្គាល់ និង ណែនាំឱ្យក្រុមការងារពាក់ព័ន្ធព្យាយាម និង បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីកែលម្អទៅលើចំនុចខ្វះខាតនៅក្នុងប្រព័ន្ធ ។ ជាមួយនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែម ឱ្យក្រុមការងារពាក់ព័ន្ធយកចិត្តទុកបន្ថែមក្នុងការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធ និង ការចុះគាំទ្រអ្នកប្រើប្រាស់ពេលអនុវត្តនីតិវិធិការងារក្នុងប្រព័ន្ធតាមការដ្ឋាន ដើម្បីសម្រួលដល់ការចុះប្រតិបត្តិការហិរញ្ញវត្ថុ ៕