+855 23 43 00 63

19

Jun, 2023

កិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីបច្ចេកទេសទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រើប្រាស់ប្រព័ន្ធ SARMIS របស់ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងបំណងប្រមូលព័ត៌មានពាក់ព័ន្ធឱ្យបានពេញលេញ និង គ្រប់ជ្រុងជ្រោយ ដើម្បីជាប្រើប្រាស់ធាតុចូលក្នុងការរៀបចំអភិវឌ្ឍមុខងារគ្រប់គ្រងទ្រព្យសម្បរដ្ឋ (Asset Management-AM) ក្នុងប្រព័ន្ធ FMIS នៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំក្រុមការងារលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីបច្ចេកទេសទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រើប្រាស់ប្រព័ន្ធ SARMIS របស់ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលមានការចូលរួមពីតំណាងអគ្គាធិការដ្ឋាន និង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ឯកឧត្តម មន្ត ប្រាថ្នា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងមន្ត្រីបច្ចេកទេសដែលបានចូលរួមផ្ទាល់ដែលតែងគាំទ្រ និង សហការយ៉ាងជិតស្និតក្នុងការផ្តល់ព័ត៌មាន រួមទាំង ឯកសារពាក់ព័ន្ធនានា ដែលជាតម្រូវការរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីរៀបចំមុខងារ AM ក្នុងប្រព័ន្ធ FMIS ឱ្យមានមុខងារពេញលេញសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដោយមានភាពងាយស្រួល និង បានទាន់ពេលវេលា ។
ក្នុងកិច្ចពិភាក្សានេះ ក្រុមការងារអន្តរក្រសួងបានពិភាក្សាអំពីបទពិសោធន៍ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការកត់ត្រាទ្រព្យសម្បត្តិរដ្ឋថ្មី ការផ្ទរទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងអង្គភាពប្រើប្រាស់ផ្ទៃក្នុងគ.ប.ទ និង អន្តរក្រសួង ការជម្រះទ្រព្យសម្បត្តិរដ្ឋ និង ការបង្ហាញផ្ទាល់ក្នុងប្រព័ន្ធ SAMIS ក្នុងការកត់ត្រាទ្រព្យសម្បត្តិរដ្ឋថ្មី និង ការទាញចេញនូវរបាយការណ៏នានា ។ កិច្ចប្រជុំពិភាក្សានេះ មន្ត្រីជំនាញទទួលបន្ទុកតំណាងក្រសួងទាំងពីរ ក៏បានលើកពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការអនវុត្តការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរួមមាន កង្វះខាតធនធានមនុស្ស នីតិវិធីអនុវត្តការងារមានលក្ខណៈស៊ាំញ៉ាំ ព្រមទាំងបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងប្រព័ន្ធ SAMIS ដូចជា ប្រព័ន្ធមិនទាន់មានមុខងារគ្រប់គ្រាន់តាមស្រមតាមនីតិវិធីការងារបច្ចុប្បន្ន ប្រព័ន្ធដំណើរការមិនទាន់រលូន និង មិនទាន់មានជាលក្ខណៈ Online ដែលនេះជាធាតុចូលសម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS យកមកគិតគូរ និង រៀបចំផ្តល់ដំណោះស្រាយក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS តាមរយៈមុខងារ AM ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ។
សូមបញ្ជាក់ជូនបន្ថែមថា មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលគ្រោងនឹងរៀបចំអភិវឌ្ឍនៅក្នុងប្រព័ន្ធ FMIS គឺ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មានទិដ្ឋភាពប្រទាក់ក្រឡាតាំងពីដំណើរការរៀបចំផែនការថវិកា ផែនការលទ្ធកម្ម រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់ ពោលគឺមានសុខុដុមនីយកម្មទិន្នន័យគ្នារវាង មុខងាររៀបចំផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្ម, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និង ការធ្វើសវនកម្មតាមប្រព័ន្ធតែមួយ ដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា (One single data entry) ។ មុខងារថ្មីនេះ នឹងប្រើប្រាស់ក្នុងការគ្រប់គ្រងទាំង ព័ត៌មានរូបធាតុ (Physical information) និង ព័ត៌មានហិរញ្ញវត្ថុ (Financial information) របស់ទ្រព្យសម្បត្តិនីមួយៗ និង មាននីតិវិធីអនុវត្តការងារ (Business Processes) រួមមាន រំហូរការងារលើការកកើត និង ទទួលស្គាល់ (កិច្ចលទ្ធកម្ម, អំណោយ, ការរឹបអូស ជាដើម), ប្រគល់ទទួល, ការផ្ទេរ, ការរំលស់, ការវាយតម្លៃកើនថយ និង ការជម្រះទ្រព្យ ។