+855 23 43 00 63

28

Jul, 2023

វឌ្ឍនភាពនៃការរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពនៃមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុង FMIS ដែលមានការចូលរួមពីឯកឧត្តមប្រតិភូអគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និង មន្រ្តីអញ្ជើញមកពីអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គលេខាធិការដ្ឋាន កសហវ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS កាលពីព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និង ពិភាក្សាពីមុខងារ, ការប្រើប្រាស់ និង អត្ថប្រយោជន៍ក្នុងការរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់នៅក្នុងកិច្ចប្រជុំពីសារសំខាន់របស់មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS ដែលជាសំណុំមុខងារក្នុង FMIS ដែលផ្តល់ព័ត៌មាន និង ទិន្នន័យចាំបាច់ដើម្បីផលិតបានរបាយការណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពេញលេញ មិនមែនកត់ត្រាតែព័ត៌មានរូបធាតុទេ តែក៏កត់ត្រាព័ត៌មានហិរញ្ញវត្ថុផងដែរ ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីអត្ថប្រយោជន៍ និង មុខងារក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS ថា អាចមានលទ្ធភាពក្នុងកែសម្រួលព័ត៌មានរបស់ទ្រព្យនៅពេលមានការវាយតម្លៃ ឬ ការប្រែប្រួលរបស់ទ្រព្យហើយមានកំណត់ត្រាព័ត៌មានច្បាស់លាស់ ។ មិនត្រឹតតែប៉ុណ្ណោះ មុខងារនេះក៏អាចមានលទ្ធភាពបន្ថែម ឬ បន្ថយនូវព័ត៌មានដែលមានតម្រូវការបន្ថែម ឬ មិនមានតម្រូវការប្រើប្រាស់ជាក់ស្តែង ហើយអាចបង្កើតព័ត៌មានទ្រព្យបានដោយស្វ័យប្រវត្តិដោយទាញព័ត៌មាន និង ទិន្នន័យពីមុខងារគណនីត្រូវសងក្នុង FMIS ។
ឯកឧត្តមអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងក្នុងការប្រើប្រាស់មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS ដែលជាប្រព័ន្ធរួម ។ ក្នុងនោះដែរ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិក៏បានលើកឡើងពីគុណប្រយោជន៍ តម្លៃបន្ថែមរបស់មុខងារនេះ ក្នុងការប្រៀបធៀបដែលមានទិន្នន័យច្រើន និង ល្អជាងប្រព័ន្ធផ្សេង ម្យ៉ាងក្នុង FMIS គឺជាកន្លែងមានទិន្នន័យប្រមូលផ្តុំដែលមានងាយស្រួលក្នុងការប្រើប្រាស់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានរំលឹកលើកឡើងថា អភិក្រមក្នុងការអនុវត្តគម្រោង FMIS កន្លងមកគឺការអនុវត្តប្រកបដោយការគិតគូរច្បាស់លាស់ ប្រកបដោយកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធមិនមែនធ្វើឡើងដោយឯកឯងមិនមានការចូលរួមពីអ្នកពាក់ព័ន្ធនោះទេ ដូចគ្នានឹងមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះដែរ គឺត្រូវការចាំបាច់ក្នុងការផ្តល់កិច្ចសហការយ៉ាងស្អិតរមួតពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ពិសេសអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ការអនុវត្តគម្រោង FMIS ដែលទទួលបានជោគជ័យកន្លងមកគឺដោយសារមានការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ប្រសិនបើមិនមានការចូលរួម ការគាំទ្រ ពីគ្រប់ភាគីនៃអគ្គនាយកដ្ឋានសំខាន់ៗ តួយ៉ាងអគ្គនាយកដ្ឋានថវិកា, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាពិសេសអគ្គនាយកដ្ឋានរតនាគារជាតិ ដែលហ៊ានលះបង់ យល់ពីតម្លៃនៃការងារកែទម្រង់ និង ចូលរួមជ្រោមជ្រែងយ៉ាងសកម្មនោះទេ ការអនុវត្តគម្រោង FMIS ក៏មិនទទួលបានជោគជ័យដូចពេលនេះដែរ ។

ជាមុខងារដែលមានស្រាប់ក្នុង FMIS ដែលមិនចាំបាច់ត្រូវការនូវការទិញ License បន្ថែមនោះទេ មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS ត្រូវបានរៀបចំឡើងដោយមានភាពប្រទាក់ក្រឡាតាំងពីដំណើរការរៀបចំផែនការថវិកា, ផែនការលទ្ធកម្ម រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់ ពោលគឺមានភាពសុខុដុមនីយកម្មទិន្នន័យគ្នារវាង មុខងាររៀបចំផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្ម, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និង ការធ្វើសវនកម្មតាមប្រព័ន្ធតែមួយ ដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា (One Single Data Entry) ព្រមទាំងអាចប្រើប្រាស់ក្នុងការគ្រប់គ្រងទាំងព័ត៌មានរូបធាតុ (Physical Information) និង ព័ត៌មានហិរញ្ញវត្ថុ (Financial Information) របស់ទ្រព្យសម្បត្តិនីមួយៗ និង មាននីតិវិធីអនុវត្តការងារ (Business Processes) រួមមាន រំហូរការងារលើការកកើត និង ទទួលស្គាល់ (កិច្ចលទ្ធកម្ម, អំណោយ, ការរឹបអូស ជាដើម), ប្រគល់ទទួល, ការផ្ទេរ, ការរំលស់, ការវាយតម្លៃកើនថយ និង ការជម្រះទ្រព្យ ជាដើម ។