+855 23 43 00 63

13

Jan, 2021

កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ ២០២១ ទាំងក្នុងការកែទម្រង់ និងក្រៅការកែទម្រង់ របស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន”

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០២០ និង ទិសដៅការងារឆ្នាំ ២០២១។ កិច្ចប្រជុំនេះ មានការចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មានប្រសាសន៍បើកអង្គប្រជុំ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានលើកឡើងពីសមិទ្ធផលធំៗ ដែលក្រុមការងារសម្រេចបាន និងត្រូវបានទទួលស្គាល់ពីថ្នាក់ដឹកនាំ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដើម្បីបន្តអនុវត្តការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរសកម្ម។

គួរជម្រាបជូនផងដែរថា គោលដៅចម្បងរបស់គម្រោង FMIS ជំហានទី៣ (២០២១-២០២៥) នឹងផ្តោតសំខាន់លើ៖

១. ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន

២. បន្តអនុវត្តនីតិវិធីតម្រង់ទិសសម្រាប់ការទូទាត់បៀវត្សទូទាត់ត្រង់ និងនីតិវិធីអនុវត្តផ្សេងៗតាមផែនការ

៣. ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ

៤. ការអភិវឌ្ឍមុខងារ២ថ្មីបន្ថែមនៅក្នុងប្រព័ន្ធ FMIS (មុខងារគ្រប់គ្រងសន្និធិ និងមុខងារគ្រប់គ្រងទ្រព្យសម្បត្តិ)

៥. ការដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកាជាជំហានៗ

៦. ការដាក់ឱ្យប្រើប្រាស់មុខងារលទ្ធកម្មជាជំហានៗ

៧. គោលដៅចាំបាច់ផ្សេងៗ៖

  • អភិវឌ្ឍកម្មវិធីគ្រប់គ្រងអ្នកប្រើប្រាស់
  • បន្តការធ្វើសន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅ
  • ជំរុញការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក
  • ជំរុញការអនុវត្តចំណាត់ថ្នាក់ថវិកាទាំង៧
  • ជំរុញការប្រើប្រាស់របាយការណ៍ផលិតចេញពីប្រព័ន្ធ ។