
2
Dec, 2020
កិច្ចប្រជុំស្តីពីការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល និងការអនុវត្តមុខងារគ្រប់គ្រងការអប់រំ កុមារតូច ការអប់រំបឋមសិក្សា ព្រមទាំងការអប់រំក្រៅប្រព័ន្ធក្នុងប្រព័ន្ធ FMIS
នៅព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពីចម្ងាយជាមួយតំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងអគ្គនាយកដ្ឋានថវិកា, តំណាងអគ្គាធិការដ្ឋាន និងតំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីពិភាក្សាអំពីការបន្តពិនិត្យទៅលើទិដ្ឋភាពបច្ចេកទេសក្នុងប្រព័ន្ធ FMIS ពាក់ព័ន្ធនឹងការផ្ទេរមុខងាររបស់មន្ទីរសុខាភិបាលទៅរដ្ឋបាលរាជធានី-ខេត្ត និងការអនុវត្ត “មុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ” របស់រដ្ឋបាលក្រុង ស្រុក ទាំង ១៤ របស់ខេត្តបាត់ដំបង ដើម្បីងាយស្រួលក្នុងការតាមដាន និងគ្រប់គ្រងមន្ទីរសុខាភិបាល ដែលនឹងស្ថិតនៅក្រោមរដ្ឋបាលខេត្ត ក៏ដូចជាការតាមដាន និងគ្រប់គ្រងការអនុវត្តមុខងារទាំង៣ របស់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង។
ជាលទ្ធផល សមាជិកចូលរួមកិច្ចប្រជុំទាំងអស់បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ និងបានសម្រេចជាបច្ចេកទេសថានឹងត្រូវកែសម្រួលប្រព័ន្ធ FMIS មួយចំនួនដើម្បីឆ្លើយតបនឹងការផ្លាស់ប្ដូរនីតិវិធីការងារខាងលើ ដើម្បីអាចដំណើរការនៅក្នុងឆ្នាំ ២០២១ នេះបាន។ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់នឹងប្ដេជ្ញាបន្តសហការជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការសម្រេចនូវការផ្លាស់ប្ដូរនីតិវិធីខាងលើនេះ។