+855 23 43 00 63

9

Apr, 2024

កិច្ចប្រជុំពិភាក្សា និង ពិនិត្យលទ្ធភាពនៃការប្រើប្រាស់ FMIS សម្រាប់ការងារសវនកម្ម

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីគាំទ្រដល់កិច្ចដំណើរការនៃការធ្វើសវនកម្មបញ្ជាក់លើឯកសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលអាចប្រព្រឹត្តទៅបានរលូន និង ទាន់ពេលវេលា ស្របតាមមាត្រា ២២ នៃច្បាប់ស្តីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា ៩៦ នៃច្បាប់ស្តីពីប្រព័ន្ថហិរញ្ញវត្ថុសាធារណៈ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបពិភាក្សា និង ពិនិត្យលទ្ធភាពនៃការប្រើប្រាស់ FMIS សម្រាប់ការងារសវនកម្ម ។

ជាមួយគ្នានេះ តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញជូនតំណាងក្រុមការងារនៃអជ្ញាធរសវនកម្មជាតិ ក្នុងគោលបំណងបន្ថែមការស្វែងយល់ស៊ីជម្រៅពីមុខងារ អត្ថប្រយោជន៍ និង ទិដ្ឋភាពទូទៅ សម្រាប់នីតិវិធីអនុវត្តការងារថ្មីតាម FMIS ទាំងស្រុង ។ ទន្ទឹមនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS មានរៀបចំនូវវគ្គបណ្តុះបណ្តាលដោយឡែក និង ជួយគាំទ្រមន្ត្រីជំនាញនៃអាជ្ញាធរសវនកម្មជាតិ ក្នុងន័យជួយពន្លឿនការងារសវនកម្ម ជាក់ស្តែងគឺការទាញយករបាយការណ៍ចេញពីក្នុង FMIS ។

គួររំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិមានកាតព្វកិច្ចធ្វើសវនកម្មបញ្ជាក់លើឯកសារនៃការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ ។ ដោយក្នុងដំណើរការសវនកម្ម អាជ្ញាធរសវនកម្មជាតិបានពិនិត្យឃើញថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដើរតួនាទីយ៉ាងសំខាន់ជួយដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានយ៉ាងល្អប្រសើរ ទាំងគុណភាព ប្រសិទ្ធភាព និង ទាន់ពេលវេលា ។

កិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពនៃការប្រើប្រាស់ FMIS សម្រាប់ការងារសវនកម្ម នេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ លោក ប៊ុន ឆាយ ប្រធាននាយកដ្ឋានគ្រប់គ្រងធុរកិច្ច ដែលមានការចូលរួមពី តំណាងក្រុមការងារនៃអជ្ញាធរសវនកម្មជាតិ ៕