+855 23 43 00 63

21

Nov, 2023

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រួតពិនិត្យប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី៣ នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ក្រុមការងារបច្ចេកទេស TWG, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ នាព្រឹកថ្ងៃ អង្គារ ៩កើត ខែ កត្តិក ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន, តំណាងស្ថាប័ន, តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ ប្រព័ន្ធសន្និសីទវីដេអូ សរុបប្រមាណជិត ៣០០ នាក់ ។

ក្នុងអង្គប្រជុំទាំងមូល ក៏បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ផ្តោតសំខាន់ទៅលើ ការធ្វើស្វ័យប្រវត្តិកម្ម និង ពង្រីកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ នៅតាមក្រសួង-ស្ថាប័ន ដែលការប្រើប្រាស់ FMIS គឺជាឧបករណ៍គន្លឹះក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយអ្នកប្រើប្រាស់ទទួលស្គាល់ថា FMIS មានតម្លាភាព, ងាយស្រួលក្នុងការគ្រប់គ្រងចំណូល-ចំណាយ, មានភាពរហ័ស និង ទាន់ពេលវេលា ជាពិសេសការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង នៅក្រសួង-ស្ថាប័ន ចំនួន ៨ (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ; ២. ក្រសួងបរិស្ថាន; ៣. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា; ៤. ក្រសួងធម្មការ និងសាសនា; ៥. ក្រសួងរ៉ែ និងថាមពល; ៦. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍; ៧. ក្រសួងយុត្តិធម៌ និង ៨. អាជ្ញាធរសវនកម្មជាតិ ។

តាមរយៈការវាយតម្លៃ, ការអនុវត្ត FMIS កាន់តែមានភាពល្អប្រសើរ និង គួរឱ្យកត់សម្គាល់ ខណៈពេលដែលអ្នកប្រើប្រាស់អាចទាញយកទិន្នន័យពីក្នុងប្រព័ន្ធ យកមកប្រើប្រាស់បានតាមតម្រូវការ និង ប្រកបដោយភាពជឿជាក់ ដែលនេះបញ្ជាក់ឱ្យឃើញថា FMIS បានដើរតួនាទីកាន់តែសំខាន់ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងក្នុងអង្គប្រជុំអំពីការអនុវត្ត FMIS ផងដែរថា FMIS នឹងដើរតួជាប្រព័ន្ធស្នូលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់ ៕