+855 23 43 00 63

22

Mar, 2024

កិច្ចប្រជុំពិនិត្យ និង ផ្តល់យោបល់អំពីរបាយការណ៍នៃកម្មវិធីកញ្ចក់ថវិកានៅក្នុង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់របាយការណ៍នៃកម្មវិធីកញ្ចក់ថវិកានៅក្នុង FMIS ពីគ្រប់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាចមានលទ្ធភាពឈានទៅបន្តការពង្រីកវិសាលភាពនៃការប្រើប្រាស់ទៅកាន់ក្រសួង-ស្ថាប័នដទៃទៀត ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើការបង្ហាញផ្ទាល់អំពី កម្មវិធីកញ្ចក់ថវិកាតាមទូរសព្ទដៃ (Mobile App) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ផ្ទាល់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាន៍អំពីភាពចាំបាច់នៃកម្មវិធីកញ្ចក់ថវិកានៅក្នុង FMIS ដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និង អង្គភាពថវិកា និង រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការពិនិត្យមើលទិន្នន័យជាលទ្ធផលនៃការអនុវត្តថវិកាចំណាយ និង ចំណូលចេញពី FMIS ក្នុងគោលបំណងផ្ដល់នូវលក្ខណៈងាយស្រួលក្នុងការទទួលបានទិន្នន័យព័ត៌មានសង្ខេបបំផុត និង ចំគោលដៅបំផុត ។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានឱ្យដឹងថា កម្មវិធីនេះ (កម្មវិធីកញ្ចក់ថវិកានៅក្នុង FMIS) ត្រូវបានវាយតម្លៃដោយធនាគារពិភពលោក និង សហភាពអឺរ៉ុបថាមានលក្ខណៈល្អប្រសើរសម្រាប់ការប្រើប្រាស់របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល បន្ថែមលើទិន្នន័យ និង ព័ត៌មានដែលមានស្រាប់នៅក្នុង FMIS ជាពិសេសលើ Online Monitoring Tools ។ កម្មវិធីរៀបចំឡើងដោយឈរលើមូលដ្ឋានកម្មវិធីកញ្ចក់ថវិកាក្នុងទម្រង់ជា BI តាម Web portal ដែលបានផ្ដល់ការពិនិត្យវាយតម្លៃដោយធនាគារពិភពលោក,ជំនាញការក្រសួងហិរញ្ញវត្ថុរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី និង    ទីប្រឹក្សារបស់គម្រោង FMIS ហើយក៏បានទទួលការផ្ដល់យោបល់ជាច្រើនលើកដោយអគ្គនាយកដ្ឋានគន្លឹះរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ មានន័យថា ការកសាងកម្មវិធីនេះ គឺមានមូលដ្ឋានច្បាស់លាស់ បើទោះបីជាកម្មវិធីតាមទូរសព្ទនេះត្រូវបានកសាងឡើងដោយលេខាធិការដ្ឋានក្រុមការងារ FMWG សុទ្ធសាធក៏ដោយ ។

 គួរជម្រាបជូនថា កម្មវិធីកញ្ចក់ថវិកា ជាកម្មវិធីរបាយកាណ៍ឌីជីថលឆ្លាតវៃ ដែលនឹងក្លាយជាថ្នាលប្រមូលផ្តុំនូវទិន្នន័យឌីជីថលច្រើនប្រភព ទាំងទិន្នន័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ហើយបំប្លែងទិន្នន័យ (Data Transforming) ជាទម្រង់ព័ត៌មានដែលអាចអានបាន យល់បាន និងប្រើប្រាស់សម្រាប់ការតាមដាន និងគ្រប់គ្រងការអនុវត្តហិរញ្ញវត្ថុសាធារណៈ និង ជួយដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងធុរកិច្ចរបស់ស្ថាប័ន  និង រាជរដ្ឋាភិបាល ៕