+855 23 43 00 63

2

Apr, 2024

កិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងឯកសារដេញថ្លៃលទ្ធកម្ម ផ្នែកទី១B នៃលទ្ធកម្មកញ្ចប់ទី១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព”

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងដំណើរការត្រួតពិនិត្យសេចក្តីព្រាងឯកសារដេញថ្លៃលទ្ធកម្ម ផ្នែកទី១A នៃលទ្ធកម្មកញ្ចប់ទី១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពសម្រាប់ FMIS” ឱ្យសមស្របតាមនីតិវិធីលទ្ធកម្ម និង ធានាបាននូវតម្លាភាព, ប្រសិទ្ធភាព និង ភាពប្រកួតប្រជែងស្មើភាព ក្នុងគោលដៅគាំទ្រដល់មជ្ឈមណ្ឌលទិន្នន័យនៃគម្រោង FMIS បង្កើននូវសុវត្ថិភាព និង ភាពជឿទុកចិត្តខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោង FMIS បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង សមាជិកនៃ គណៈកម្មការវាយតម្លៃ និង គណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោង FMS ដែលអញ្ជើញមកពី អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី, ជាជំហានបន្តក្នុងការអនុវត្តសម្រាប់ការរៀបចំមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព និង ជាតម្រូវការចំាបាច់ក្នុងការបន្តពង្រឹងបន្ថែមលើផ្នែកសុវត្ថិភាពនៃដំណើរការ FMIS នៅក្នុងឆ្នាំ ២០២៤ នេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំ និង បញ្ចប់រួចរាល់នូវឯកសារលក្ខខណ្ឌតម្រូវការបច្ចេកទេសសម្រាប់កញ្ចប់លទ្ធកម្ម ផ្នែកទី១A នៃលទ្ធកម្មកញ្ចប់ទី១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ដែលនឹងត្រូវអនុវត្តវិធីសាស្ត្រដេញថ្លៃប្រកួតប្រជែងក្នុងស្រុក ។

សូមរំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ ២០២៣ សម្រាប់កញ្ចប់លទ្ធកម្ម ផ្នែកទី១A នៃលទ្ធកម្មកញ្ចប់ទី១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” របស់គម្រោង FMIS មានក្រុមហ៊ុនទិញឯកសារដេញថ្លៃចំនួន ៦ និង មាន
ក្រុមហ៊ុនចំនួន ៣ ដែលបានមកដាក់ឯកសារដេញថ្លៃ ។ ដំណើរការដេញថ្លៃនេះបានប្រព្រឹត្តិទៅស្របតាមច្បាប់លទ្ធកម្មសាធារណៈ, បែបបទ និង ស្ដង់ដានៃនីតិវិធីលទ្ធកម្មតាមឧត្តមានុវត្តន៍អន្តរជាតិ និង មានការចូលរួមពីវិស័យឯកជនក្នុងលក្ខណៈទូលំទូលាយ, តម្លាភាព, គណនេយ្យភាព និង ទទួលបានផលមកវិញប្រកបដោយប្រសិទ្ធភាពខ្ពស់ ពោលគឺ ទទួលបាននូវការផ្គត់ផ្គង់ទំនិញ និង សេវាដែលមានស្ដង់ដាគុណភាពខ្ពស់, ទាន់ការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ, ទទួលបានទាន់ពេលវេលា និង ចំណាយទាបសន្សំសំចៃថវិកាជាតិបានខ្ពស់បំផុត ។ លើសពីនេះការដេញថ្លៃនេះពុំមានការតវ៉ាពីក្រុមហ៊ុនដែលពុំបានទទួលកិច្ចសន្យាឡើយ ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់សមាជិកដែលបានចូលរួមឱ្យចូលរួមផ្តល់យោបល់ពិភាក្សា និង ពិនិត្យប្រកបដោយតម្លាភាព ភាពត្រឹមត្រូវស្របតាមនីតិវិធីអនុវត្តស្តង់ដាលទ្ធកម្ម និង ស្របតាមបទប្បញ្ញតិ្តជាធរមាន ជាពិសេសគិតគូរដល់គុណប្រយោជន៍ជារួមសម្រាប់ប្រទេសជាតិ លើការពិនិត្យ និង វាយតម្លៃ ក៏ដូចជាការវាយតម្លៃឯកសារឱ្យកាន់តែមានប្រសិទ្ធភាព មានការប្រកួតប្រជែងដោយស្មើភាពត្រឹមត្រូវ និង យុត្តិធម៌ ។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់លើការបន្តអនុវត្តនីតិវិធីលទ្ធកម្មក្នុងស្រុក ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុកក្នុងការលើកស្ទួយសមត្ថភាព, ផលរបរ, ផលិតកម្ម និង សេវាកម្ម នៃអាជីវកម្មក្នុងស្រុក ជាមួយនឹងការរិះរកនូវវិធីសាស្ត្របន្ថែមទៀតដែលស្របតាមច្បាប់ និង បទប្បញ្ញតិ្តជាធរមាន ដើម្បីផ្ដល់ឱកាសដល់ក្រុមហ៊ុន ជាច្រើនទៀតបានទទួលកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ទំនិញ និង សេវាដល់គម្រោង FMIS នៅក្នុងជំហានជាបន្តបន្ទាប់ ជាមួយនឹងការផ្ដល់នូវមតិត្រឡប់ជូនដល់ក្រុមហ៊ុន ដែលខ្វះខាត មិនបានបំពេញគ្រប់លក្ខខណ្ឌ នៃតម្រូវការកិច្ចលទ្ធកម្មកន្លងមក ដើម្បីឱ្យក្រុមហ៊ុនទាំងនោះមានលទ្ធភាព និង សមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមនៅកិច្ចលទ្ធកម្មនានាពេលក្រោយៗទៀត ជាពិសេសសម្រាប់កិច្ចលទ្ធកម្មកញ្ចប់ផ្នែកទី១B “មជ្ឈមណ្ឌលប្រតិបត្តិការ
សុវត្ថិភាព”នេះ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តនៅថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ ២៨ ខែ មីនា ឆ្នាំ ២០២៤ នៅបន្ទប់ប្រជុំអគារ ឃ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងការចាប់ផ្ដើមប្រកាសផ្សព្វផ្សាយកិច្ចលទ្ធកម្មនៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៤ ៕