+855 23 43 00 63

9

Apr, 2024

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានវាយតម្លៃខ្ពស់ដល់ក្រុមការងារ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានចូលរួមបំពេញការងារ ប្រកបដោយបុរេសកម្ម និង យកចិត្តទុកដាក់ខ្ពស់ ជាពិសេស បានចូលរួមយ៉ាងសកម្មភាពក្នុងការអនុវត្តគម្រោង FMIS ឱ្យសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទណៈ ។

 

នាព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និង បញ្ហាប្រឈមសម្រាប់ការអនុវត្តគម្រោង FMIS សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

តាមរយៈការធ្វើបទបង្ហាញរបស់លេខាធិការដ្ឋាននៃក្រុមការងារ, ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានវឌ្ឍនភាពការងារ ៩៥ ភាគរយ គិតត្រឹមត្រីមាសទី ១ ក្នុងឆ្នាំ ២០២៤ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមាន នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈ និង នីតិវិធីចំណាយ និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ដែលត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ទៅកាន់ក្រសួងស្ថាប័នមួយចំនួន រួចរាល់ជាស្ថាពរ ។ ជាមួយគ្នានេះ, មុខងារស្នូលរបស់ FMIS បាន និង កំពុងអនុវត្តនៅរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ចំនួន ៤៤ និង ត្រៀមដាក់ឱ្យដំណើរការទៅអង្គភាពអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅថ្នាក់កណ្តាល និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ជាបន្តបន្ទាប់ទៀត ។

ទន្ទឹមនេះ, តំណាងលេខាធិការដ្ឋាននៃក្រុមការងារ បានធ្វើការពន្យល់បង្ហាញអំពីកម្មវិធីថ្មីមួយ ឈ្មោះថា “FMIS មតិ” ដែលកម្មវិធីថ្មីនេះទើបត្រូវបានអភិវឌ្ឍជោគជ័យក្នុងពេលថ្មីៗនេះ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងសម្រាប់ផ្ទៃក្នុងអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងអនុញ្ញាតឱ្យមន្រ្តី និង បុគ្គលិកទាំងអស់ អាចប្រើប្រាស់កម្មវិធីឌីជីថលនេះ សម្រាប់ធ្វើការស្នើសុំ និង ចូលរួមផ្តល់ជាមតិយោបល់ផ្សេងៗ ក្នុងន័យចូលរួមកែលម្អ និង ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ឱ្យកាន់តែល្អប្រសើរថែមទៀត ។

ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍លើកទឹកចិត្ត និង ជំរុញឱ្យក្រុមការងារបន្តធ្វើការងារនេះ ប្រកបដោយឆន្ទៈមោះមុត និង បន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដើរឱ្យទាន់បរិវត្តកម្មឌីជីថល ព្រមទាំងប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ និង សហការឱ្យបានល្អជាមួយអ្នកពាក់ព័ន្ធ សំដៅចូលរួមបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង លើកកម្ពស់កម្រិតជីវភាពប្រជាជន តាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យអស់សក្តានុពល ៕