
11
Jan, 2022
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២១ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣
នារសៀលថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២១ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ដែលមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
កិច្ចប្រជុំនេះ មានគោលបំណងក្នុងការពិនិត្យរួមគ្នាក្នុងក្របខណ្ឌក្រុមការងារគ្រប់គ្រងគម្រោង FMIS លើការងារដូចខាងក្រោម ៖
១. វឌ្ឍនភាព, ស្ថានភាពជាក់ស្ដែងនៃការអនុវត្តគម្រោងជំហានទី៣សម្រាប់ មួយឆ្នាំ ២០២១ ពេញ
២. កំណត់ទិសដៅសម្រាប់ការអនុវត្តឆ្នាំ ២០២២ ជាពិសេសនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩
៣. កំណត់នូវសូចនាករសមិទ្ធកម្មរបស់សហភាពអឺរ៉ុបដែលបានគ្រោងឡើងសម្រាប់ឆ្នាំ ២០២២ ដល់ ២០២៤ ដើម្បីអនុញ្ញាតឱ្យតំណាងសហភាពអឺរ៉ុបបន្តគាំទ្រទាំងជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសដល់គម្រោង FMIS នៅជំហានទី៣ ។
គួរបញ្ជាក់ផងដែរថា បើទោះជាស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ ក៏ការអនុវត្តគម្រោង FMIS មានវឌ្ឍនភាពសម្រេចបាន ៩៥% ដែលជាភាគរយខ្ពស់ ដែលមានការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS លើកិច្ចសន្ធានកម្ម បង្កើនការដ្ឋាន និង ការពង្រឹងសមត្ថភាពរបស់ប្រព័ន្ធ ,ការគាំទ្រ និង បំប៉នការដ្ឋានដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS, ពង្រឹងការប្រើប្រាស់របាយការណ៍ចេញពីប្រព័ន្ធ, អភិវឌ្ឍបន្ថែមនិងគាំទ្រលើមុខងារលទ្ធកម្មពេញលេញ និង មុខងាររៀបចំផែនការថវិកា និង ពង្រឹងលើសុវត្ថិភាពប្រព័ន្ធឱ្យកាន់តែប្រសើរ ។
សមិទ្ធផលដែលយើងទទួលបានជាក់ស្តែងចម្បងពីការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២១ គឺលើការអនុវត្តនីតិវិធីថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុងលើការបើកផ្តល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកដែលមានគោលរបបច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាបទី១ ក្នុងប្រព័ន្ធ FMIS ទាំងស្រុងដល់ក្រសួង-ស្ថាប័នចំនួន ២៧ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល ដែលធ្វើឱ្យចំណេញពេលវេលា កាត់បន្ថយក្រដាសស្នាម និង គណនេយ្យភាព ព្រមទាំងតម្លាភាព ។