+855 23 43 00 63

17

Aug, 2023

កិច្ចប្រជុំដំបូង ស្តីពី ការផ្តល់កិច្ចសហការពាក់ព័ន្ធនឹងការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

លោក ឈាង យូ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំក្រុមការងារពាក់ព័ន្ធចូលរួមកិច្ចប្រជុំដំបូង ស្តីពី “ការផ្តល់កិច្ចសហការពាក់ព័ន្ធនឹងការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ។ កិច្ចប្រជុំដំបូង (ប្រជុំបើក) នេះរៀបចំឡើងនៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធសន្និសីទវីដេអូពីចម្ងាយ ដោយប្រើប្រាស់កម្មវិធី Zoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានគន្លឹះៗ ទាំង ១១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបញ្ជាក់ថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងចុះធ្វើការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឯកឧត្តមបណ្ឌិតប្រតិភូបន្តថា ដើម្បីឱ្យការសិក្សាវាយតម្លៃនេះមានប្រសិទ្ធភាព និង គ្រប់ជ្រុងជ្រោយ លោកស្នើសុំត្រៀមផ្តល់ឯកសារពាក់ព័ន្ធ (ឯកសាររឹង ឬ ទន់) ទៅនឹងការអនុវត្តនីតិវិធីខាងលើ និង មានការស្នើសុំសម្ភាសន៍មន្ត្រីពាក់ព័ន្ធ ធ្វើតេស្តជាក់ស្តែង និង ឯកសារបន្ថែមក្នុងករណីចាំបាច់នាពេលចុះបេសកម្ម ។

សូមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានសវកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជ្រើសរើសអគ្គនាយកដ្ឋានគន្លឹះៗ ចំនួន ១១ ដើម្បីចុះសិក្សាវាយតម្លៃ នៅក្នុងត្រីមាសទី៣ (ខែសីហា និង ខែកញ្ញា) ដែលក្នុងនោះរួមមាន៖
១. អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
២. អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
៣. អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៤. អគ្គនាយដ្ឋានពន្ធដារ
៥. អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
៦. អគ្គនាយកដ្ឋានថវិកា
៧. អគ្គនាយកដ្ឋានរតនាគារជាតិ
៨. អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៩. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម
១០. លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម
១១. លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ជាលទ្ធផល លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងផ្តល់កិច្ចសហការយ៉ាងពេញលេញ ក៏ដូចជាត្រៀមឯកសារពាក់ព័ន្ធតាមការស្នើសុំ ជូនអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងការចុះវាយតម្លៃឱ្យកាន់តែមានតម្លាភាព អព្យាក្រឹតភាព និង សុក្រឹត្យភាព ។