+855 23 43 00 63

24

Jan, 2024

ជំនួបជាមួយតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីពិភាក្សាលើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង សន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដោយផ្តោតលើចំណុចគោលសំខាន់ៗមួយចំនួនរួមមាន៖ វឌ្ឍនភាពដែលគម្រោង FMIS សម្រេចបានក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ (២០២១-២០២៣), បញ្ហាប្រឈមចម្បងៗដែលកំពុងជួបប្រទះលើការអភិវឌ្ឍន៍ FMIS, បទពិសោធន៍ក្នុងការដាក់ឱ្យអនុវត្ត FMIS ជាមួយប្រព័ន្ធឯកសារឌីជីថលជំនាន់ទី១ ទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ការធ្វើសន្ធានកម្មដើម្បីផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធផ្សេងៗ ។ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS អមដោយមន្ត្រីជំនាញ បានទទួលជួបជាមួយតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ជំនាញការបរទេស នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ ។

ឆ្លើយតបទៅជំនួបពិភាក្សាយ៉ាងផុលផុស ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ជាមួយការបង្ហាញនូវសមិទ្ធផលធំៗជាច្រើនដែលក្រុមការងារ FMIS បាននិងកំពុង សម្រេចបានជាបន្តបន្ទាប់ ដែលក្នុងនោះសម្រាប់ឆ្នាំ ២០២៤ នេះ ក្រុមការងារបានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីការងារតាម FMIS សម្រាប់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤, និង ការអនុវត្តមុខងាររៀបចំផែនការថវិកា សម្រាប់ក្រសួង-ស្ថាប័នចំនួន ១៤ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ៩ ដែលនៅសេសសល់ និង មុខងារលទ្ធកម្មពេញលេញសម្រាប់ក្រសួង-ស្ថាប័នចំនួន ១០ បន្ថែម ព្រមទាំងបានលើកនូវបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក ក្នុងន័យរាយការណ៍ និង ផ្តល់ជាព័ត៌មានដល់ជំនាញការ IMF ពាក់ព័ន្ធនឹងការកសាងប្រព័ន្ធ និង សន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗរបស់អគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ចកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន ដើម្បីទទួលបានធាតុចូលបន្ថែមដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មានសង្គតិភាព សម្រាប់ការរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យ និង វាយតម្លៃប្រចាំឆ្នាំ ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និង ការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ៕