+855 23 43 00 63

4

Jul, 2016

ជំនួបពិភាក្សារវាងនាយកដ្ឋានព័ត៌មានវិទ្យា ជាមួយនឹងអគ្គនាយកដ្ឋានរតនាគារជាតិ លើ​វឌ្ឍនភាព​ការងារនានា

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាជាមួយក្រុមការងារអគ្គនាយកដ្ឋានរតនាគារជាតិ អំពីវឌ្ឍនភាពការងារ ដែលអគ្គនាយកដ្ឋានរតនាគារបានស្នើសុំកន្លងមក និងបញ្ហាផ្សេងៗ។ ជាលទ្ធផល ក្រុមការងារសម្រេចបាននូវគោលដៅលទ្ធផលសំខាន់ៗដូចជា ១-ការរៀបចំឯកសារតម្រូវការព័ត៌មាននៅលើរបាយការណ៍បញ្ជីវិភាគ ២-ការរៀបចំឯកសារអនុស្សរណៈយោគយល់ (MOU) រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយធនាគារជាតិនៃកម្ពុជាលើសន្ធានកម្មទិន្នន័យរបាយការណ៍ធនាគារជាតិ និងការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (Electronic Fund Transfer – EFT) និង ៣-ការចាប់ផ្ដើមរៀបចំមាតិកាគណនីនៃប្លង់គណនេយ្យថ្មីសម្រាប់ដាក់អនុវត្តឆ្នាំ២០១៧។

ក្រុមការងារបានសម្រេចសហការធ្វើការងារជាមួយគ្នាបន្តទៀត ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាថ្មីៗដែលអាចកើតមានឡើងជាយថាហេតុ។ សម្រាប់ការងារបន្ត ១-ក្រុមការងារនឹងធ្វើការសាកល្បងទៅលើរបាយការណ៍បឋមនៃបញ្ជីវិភាគនៅកំឡុងថ្ងៃទី០៧ និងទី០៨ ខែកក្កដា ឆ្នាំ២០១៦។ ២-ក្រុមការងារនឹងជំរុញការរៀបចំអនុស្សរណៈយោគយល់ជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារកាណាឌីយ៉ា ៣-ក្រុមការងារនឹងរៀបចំគោលការណ៍ដាក់ឱ្យអនុវត្តជាផ្លូវការសម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (EFT) បន្ទាប់ពីការសាកល្បងចុងក្រោយនៅក្នុងសប្ដាហ៍នេះ ៤-ការគិតគូរទៅលើការកាត់បន្ថយការប្រើប្រាស់ក្រដាសសម្រាប់ជាឯកសារបញ្ជាក់ចំណូលផ្លូវការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ៥-បន្តដោះស្រាយបញ្ហាផ្សេងៗនៅក្នុងផ្នែកចំណាយ ចំណូល និងសាច់ប្រាក់។