20
Mar, 2018
កិច្ចប្រជុំពិភាក្សាពិនិត្យមើលលើការរៀបចំកសាងប្រព័ន្ធរៀបចំផែនការថវិកា, ប្រព័ន្ធរាយការណ៍សមិទ្ធកម្ម និង ប្រព័ន្ធបូកសរុបគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ស្របតាមការណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ដែលបានណែនាំឱ្យធ្វើការពិនិត្យឡើងវិញលើការកសាងប្រព័ន្ធរៀបចំថវិកា, ប្រព័ន្ធរាយការណ៍សិទ្ធកម្ម និង ប្រព័ន្ធបូកសរុបគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង អគ្គលេខាធិការដ្ឋាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នេះ បានប្រជុំពិភាក្សាពិនិត្យមើលលើការរៀបចំកសាងប្រព័ន្ធរៀបចំផែនការថវិកា, ប្រព័ន្ធរាយការណ៍សមិទ្ធកម្ម និង ប្រព័ន្ធបូកសរុបគម្រោងថវិកាប្រចាំឆ្នាំ ដើម្បីចៀសវាងនូវការត្រួតគ្នា និងដើម្បីរៀបចំប្រព័ន្ធទាំងនេះឱ្យបានសមស្របតាមតម្រូវការរួមនៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ កិច្ចប្រជុំខាងលើ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
នៅក្នុងបទបង្ហាញនៃកិច្ចប្រជុំនេះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានបង្ហាញនូវសមិទ្ធផល នៃគម្រោងចំនួន១០ ដែលក្រុមការងារសម្រេចបាន និងកំពុងបន្តការងាររបស់ខ្លួនយ៉ាងសកម្ម ។ គម្រោងទាំងនោះរួមមាន៖
គម្រោងទី ១ ៖ ការរៀបចំឡើងវិញនូវបណ្ដាញតភ្ជាប់សម្រាប់ទីស្ដីការកសហវចាប់ផ្តើមពី ខែ កញ្ញា ឆ្នាំ ២០១៦ ដល់ ខែ មករា ឆ្នាំ ២០១៧ ដោយមានរួមបញ្ចូលនូវការស្ថាបនាប្រព័ន្ធទូរស័ព្ទប្រើប្រាស់ផ្ទៃក្នុង និង ប្រព័ន្ធ Video Conference ។ គម្រោងនេះត្រូវ បានពន្យាចំនួន ៦ ខែ ទើបមានការចាប់ផ្ដើមដោយស្ថាបនាដោយផ្ដោតយកតែបណ្ដាញតភ្ជាប់ និង សេវាអ៊ីនធឺណេតក្នុងទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប៉ុណ្ណោះ ហើយគម្រោងនេះបានចប់នៅ ខែ មករា ឆ្នាំ ២០១៨ នឹងបន្តពង្រីកសេវាបន្ថែមទៀតនៅពេលក្រោយ ។
គម្រោងទី ២ ៖ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពក្នុងទីស្ដីការកសហវ ចាប់ផ្ដើម ខែ តុលា ២០១៦ – ខែ មិថុនា ឆ្នាំ ២០១៧ (ត្រូវបាន ពន្យាពេល និង បានចាប់ផ្ដើមដំណើរបន្តការអនុវត្តគម្រោងការឡើងវិញនៅខែ កុម្ភៈ ឆ្នាំ ២០១៨ ។
គម្រោងទី ៣ ៖ ការិយាល័យវៃឆ្លាត ចាប់ផ្ដើមពីខែ កក្កដា ឆ្នាំ ២០១៦ ដល់ខែ កក្កដា ឆ្នាំ ២០១៨ ប្រព័ន្ធនេះមាន ១១ ប្រព័ន្ធរង ។
គម្រោងទី ៤ ៖ ប្រព័ន្ធកញ្ចក់ថវិកា (Budget Mirror) ចាប់ផ្ដើមពី ខែ កញ្ញា ឆ្នាំ ២០១៦ ដល់ ខែ មេសា ឆ្នាំ ២០១៨ (FMIS Online Dashboard) ។
គម្រោងទី ៥ ៖ ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចាប់ផ្តើមពីខែ មិថុនា ឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០១៧ ។ គម្រោងនេះ ចប់ដំណាក់កាលទី១ នៅខែ ធ្នូ ឆ្នាំ ២០១៧ និងកំពុងប្រើប្រាស់សាកល្បងនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានរតនាគារជាតិ និងក្រសួងស្ថាប័នចំនួន ១៤។ ដំណាក់កាលទី២ នឹងត្រូវអភិវឌ្ឍបន្តរហូតដល់ខែ កក្កដា ឆ្នាំ ២០១៨ ដោយនឹងបញ្ចូលនូវការទទួលបង់សងចំណូលតាម Online ឬ តាមទូរស័ព្ទដៃដោយភ្ជាប់ទៅកាន់ប្រព័ន្ធទូទាត់របស់ធនាគារផ្ទាល់ ។
គម្រោងទី ៦ ៖ ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង សន្និធិ (សម្របសម្រួលដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន) ចាប់ផ្ដើមពីខែ វិច្ឆិកា ឆ្នាំ ២០១៧ ដល់ខែ មីនាឆ្នាំ ២០១៨ ។ បច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនៅការិយាល័យទ្រព្យសម្បត្តិរដ្ឋ នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ។
គម្រោងទី ៧ ៖ ប្រព័ន្ធគ្រប់គ្រងកិច្ចលទ្ធកម្ម ចាប់ផ្ដើមពីខែ កញ្ញា ឆ្នាំ ២០១៦ ដល់ខែ ធ្នូ ឆ្នាំ ២០១៨ ដែលមានចំនួន ៨ មុខងារ បច្ចុប្បន្នបានធ្វើចប់ចំនួន ២ មុខងារ និង កំពុងដាក់ឱ្យប្រើប្រាស់ដោយអគ្គនាយកដ្ឋានលទ្ធកម្ម និង កំពុងអភិវឌ្ឍ ២ មុខងារបន្ត ដែលត្រូវបញ្ចប់នៅដំណាច់ខែ មិថុនា ឆ្នាំ ២០១៨ នេះ ។
គម្រោងទី ៨ ៖ ស្ថាបនាមជ្ឈមណ្ឌលទិន្នន័យរួមសម្រាប់កសហវ ដែលនឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធនានា នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ធ្វើជាមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យរបស់ប្រព័ន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ។
គម្រោងទី ៩ ៖ បណ្ដាញតភ្ជាប់ (Intranet) ប្រើប្រាស់សម្រាប់ កសហវ ជាផ្នែកមួយសំខាន់សម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួមសម្រាប់អង្គភាពក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ទ្រទ្រង់ Voice call, voice conference, video conference និង ការគ្រប់គ្រងផ្សេងៗទៀត ។
គម្រោងទី ១០ ៖ ប្រព័ន្ធ FMIS ដែលនឹងត្រូវពង្រីកវិសាលភាពនៅជំហានទី២ សម្រាប់គ្រប់ក្រសួង-ស្ថាប័ន និង អង្គភាព និង រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយដែលត្រូវពង្រីកមុខងារថ្មីចំនួន ៤ បន្ថែមទៀតគឺ ១-មុខងាររៀបចំថវិកា,២-មុខងារលទ្ធកម្ម,៣-គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, និង ៤-មុខងារសន្និធិ ។
គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងធំៗចំនួន ១០ ខាងលើ ក្រុមការងារ ក៏បានរៀបចំកម្មវិធីគ្រប់គ្រងឯកសារចេញចូល កសហវ ផ្សារភ្ជាប់នឹងការគ្រប់គ្រងរបាយការណ៍អង្គការ និងសហគមន៍, កម្មវិធីស្វែងរកមាតិកាថវិកាទាំង ៧ ចំណាត់ថ្នាក់, កម្មវិធីគ្រប់គ្រងស្លាកលេខរថយន្ត ជាដើម។ គម្រោងធំៗទាំងនេះនឹងត្រូវស្ថាបនាឡើងដោយប្រើប្រាស់នូវមូលដ្ឋានរួមតែមួយ, ធនធានរួមតែមួយ, ហេដ្ឋារចនាសម្ព័ន្ធតែមួយ, និងគ្រប់គ្រងជាលក្ខណៈមជ្ឈការលើផ្នែករឹង រីឯសេវានឹងត្រូវគ្រប់គ្រងដោយអង្គភាពដែលជាម្ចាស់របស់ប្រព័ន្ធផ្ទាល់ ៕