
24
Dec, 2018
ក្រសួងសេដ្ឋកិច្ចរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធ FMIS”
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បានរៀបចំកម្មវិធីនៃវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាព និង ការយល់ដឹងបន្ថែម ពាក់ព័ន្ធនឹងវិធាន និង និតិវិធីនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនសិក្ខាកាមគោល សម្រាប់ត្រៀមអនុវត្តការងារសវនកម្មដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និង សំដៅជំរុញការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យប្រព្រឹត្តទៅសម្រេចគោលដៅ តាមការគ្រោងទុក។ កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែធ្នូ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគាររេស៊ីដង់សុខាងភ្នំពេញ រាជធានីភ្នំពេញ។
តាមរបៀបវារៈនៃកម្មវិធី លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងធ្វើបទបង្ហាញអំពីមុខងារសំខាន់ៗទាំង៦ របស់ប្រព័ន្ធ FMIS រួមមាន៖ មុខងារសៀវភៅធំ, មុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារគណនីត្រូវសង, មុខងារគណនីត្រូវទារ និងមុខងារគ្រប់គ្រងសាច់ប្រាក់ និងការធ្វើបទបង្ហាញអំពីដំណើរការរៀបចំវគ្គបណ្តុះបណ្តាល ព្រមទាំងបទពិសោធន៍នៃសវនកម្មលើប្រព័ន្ធ FMIS ផងដែរ ។
ប្រព័ន្ធ FMIS គឺជាប្រព័ន្ធធ្វើស្វ័យប្រវត្តិកម្ម និងធ្វើការរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុទាំងផ្នែកថវិកា និងរតនាគារ ក្នុងគោលដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រាជរដ្ឋាភិបាលកម្ពុជាឱ្យជឿនលឿនដូចប្រទេសក្នុងតំបន់ និងសាកលលោក ។
បច្ចុប្បន្ន ប្រព័ន្ធទំនើបកម្មមួយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអគ្គនាយកដ្ឋានគន្លឹះៗ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័នចំនួន១០,អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន និងរតនាគាររាជធានី-ខេត្តទាំង២៥ ហើយនៅដើមឆ្នាំ២០១៩ ប្រព័ន្ធ FMIS នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន១០ថ្មី, អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ។
តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅមុនឆ្នាំ២០២៥ ប្រព័ន្ធ FMIS នឹងក្លាយទៅជាប្រព័ន្ធទំនើបកម្មតែមួយគត់ប្រើប្រាស់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តថវិកាជាតិនៅកម្ពុជា ៕