
29
Nov, 2018
ក្រសួងសេដ្ឋកិច្ចរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩ ”
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃរាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩ ” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់មន្ត្រីមកពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ សរុបជាង ៥០ រូប ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ការបង្កើតឱ្យមានកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩”នេះឡើង គឺមានគោលបំណងផ្តល់ជូននូវចំណេះដឹង និង ទិដ្ឋភាពរួមពីអត្ថប្រយោជន៍មុខងាររបស់ប្រព័ន្ធ, ការរៀបចំឱ្យមានមន្រ្តីបង្គោលប្រចាំអង្គភាពថវិកា ដើម្បីងាយស្រួលដល់អនុវត្តគម្រោង និងការចាប់ផ្តើមអនុវត្តការងាររួមគ្នា ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យទទួលបានជោគជ័យ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ដទៀតថា ជាការពិតមិនអាចប្រកែកបាន ការអនុវត្តប្រព័ន្ធ FMIS លើកដំបូងគឺតែងតែមានការលំបាកទោះតិចក្តី ច្រើនក្តី ដោយការផ្លាស់ប្តូរ ការទទួលយករបស់ថ្មី ពិសេសប្រព័ន្ធបច្ចេកវិទ្យាថ្មីលើការងារហិរញ្ញវត្ថុ និងថវិកា តែងតែមិនមានភាពងាយស្រួលប៉ុន្មានទេ តែបើទោះជាយ៉ាងនេះក្តី យោងតាមបទពិសោធន៍ក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធជាមួយរតនាគាររាជធានី-ខេត្ត ក៏ដូចជាក្រសួង-ស្ថាប័ន ការលំបាកភាគច្រើនគឺត្រឹម៣ខែដំបូងប៉ុណ្ណោះ ដោយសារមិនទាន់ធ្លាប់ដៃ កុំព្យូទ័ថ្មី ប្រព័ន្ធថ្មី នីតិវិធីអនុវត្តការងារថ្មី តែគឺមិនមានឧបសគ្គអ្វីដែលក្រុមការងារយើងមិនអាចដោះស្រាយបានទេ ឱ្យតែមានការចូលរួមសហការយ៉ាងជិតស្និទ្ធិពីអ្នកប្រើប្រាស់ ។
យោងតាមផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ជំហានទី២ ២០១៧-២០២០ ក្នុងឆ្នាំ២០១៩ ខាងមុខនេះ ក្រសួង-ស្ថាប័នចំនួន១០ រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ០៨ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា ក្នុងនោះក្រសួងទាំង០៤ គឺសុទ្ធតែបានអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS រួចមកហើយកាលពីដើមឆ្នាំ២០១៨ ។
គួរបញ្ជាក់ជូនផងដែរថា ប្រព័ន្ធ FMIS នឹងនាំមកនូវការផ្លាស់ប្តូររបៀបរបបធ្វើការងារ ដោយចំណេញទាំងពេលវេលា ធនធាន និងផ្តល់តម្លៃបន្ថែមដល់ការងារផ្នែកវិភាគ និងការគ្រប់គ្រងលើសមិទ្ធផល។ល។ ក្នុងន័យនេះ ប្រព័ន្ធនេះ នៅតែជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងជាឧបករណ៍តែមួយគត់ពុំអាចខ្វះបាន ដើម្បីធានាដល់ការរៀបចំ និងអនុវត្តថវិកាជាតិប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និងគណនេយ្យភាព ទាំងផ្នែកចំណូល និងចំណាយថវិកា។ វឌ្ឍនភាពវិជ្ជមាននេះ គឺជាកត្តាលីករដ៏សំខាន់សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យឈានទៅសម្រេចបានតាមចក្ខុវិស័យប្រាកដនិយមនៅឆ្នាំ២០២៥ គឺ “ប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្តោតលើលទ្ធផល និងវិម្ឈការស្របតាមស្តង់ដារអន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិ” ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា បន្ទាប់ពីទទួលបានជោគជ័យពីការអនុវត្តប្រព័ន្ធ FMIS, ក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖ ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រងនិងអនុវត្តថវិកា, កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ឯកសារទៅតាមនីតិវិធីនីមួយៗ, តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន, ទទួលបានមូលដ្ឋានគ្រឹះក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យារពេលដល់ការអនុវត្តថវិកា, មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមានស្រាប់នៅក្នុងប្រព័ន្ធ, មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកាបានដោយខ្លួនឯង និងទាន់ពេលវេលា ប្រើប្រាស់ប្រព័ន្ធធ្វើប្រតិបត្តិការហិរញ្ញវត្ថុទៅតាមនីតិវិធីអនុវត្តការងារនានា ៕