+855 23 43 00 63

7

Dec, 2023

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំគោលនយោបាយជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំគោលនយោបាយជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ និង ជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលើវិធានការគោលនយោបាយជាកញ្ចប់ និង មានលក្ខណៈពិសេស សម្រាប់ទាក់ទាញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ ២០២៤ ដោយផ្តោតលើចំណុចគោលសំខាន់ៗ ចំនួន ៣ គឺ ៖ ១. ការជំរុញការដោះស្រាយគម្រោងវិនិយោគជាប់គាំង និង បញ្ហាប្រឈមរបស់វិស័យឯកជន, ២. ការទាក់ទាញការវិនិយោគ និង ៣. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និង ការអភិវឌ្ឍវិស័យឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ។

ជាលទ្ធផល, អង្គប្រជុំបានឯកភាពលើខ្លឹមសាររួម និង បានផ្តល់ធាតុចូលបន្ថែម សម្រាប់ធ្វើការកែសម្រួលសេចក្តីព្រាងគោលនយោបាយនេះ ។ ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យក្រុមការងារបន្តផ្តល់ធាតុចូល និង គំនិតល្អៗបន្ថែម ដើម្បីចូលរួមចំណែកកសាងបរិយាកាសវិនិយោគរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែមានលក្ខណៈអំណោយផល និង ផ្តល់ភាពទាក់ទាញកាន់តែប្រសើរឡើង ៕