+855 23 43 00 63

15

Dec, 2023

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន ដើម្បីពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា និង ប្រមូលធាតុចូលល្អៗ ដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យកាន់តែមានភាពពេញលេញ និង គ្រប់ជ្រុងជ្រោយ សំដៅឈានទៅបញ្ចប់រួចរាល់បានទាន់ពេលវេលា តាមផែនការដែលបានគ្រោងទុក ។
អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស និង ទទួលបានធាតុចូលល្អៗ តាមខ្លឹមសារសំខាន់ៗនៃមាត្រានីមួយៗ ។ ជាមួយនេះ, អង្គប្រជុំបានចាប់អារម្មណ៍អំពីសារៈសំខាន់ នៃការងារអភិវឌ្ឍសមត្ថភាពជំនាញហិរញ្ញវត្ថុសាធារណៈ និង បានគាំទ្រ លើការគិតគូរលើកទឹកចិត្ត និង ផ្តល់អត្ថប្រយោជន៍បន្ថែម ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ និង គ្រូបង្គោលដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល តាមក្របខណ្ឌគុណវុឌ្ឍិ និង កម្រិតសមត្ថភាពវិជ្ជាជីវៈហិរញ្ញវត្ថុសាធារណៈ ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំក្រុមការងារវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យរៀបចំកែសម្រួលសេចក្តីព្រាងអនុក្រឹត្យដ៏មានសារៈសំខាន់នេះ តាមស្មារតីនៃអង្គប្រជុំ ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងមុខងារសាធារណៈ បន្តផ្តល់ធាតុចូលជាលាយលក្ខណ៍អក្សរដល់ក្រុមការងាររៀបចំ ដើម្បីសម្រួច និង សម្អាតខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យកាន់តែមានភាពមុតស្រួច និង គ្រប់ជ្រុងជ្រោយ ៕