
4
Oct, 2019
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកម្មវិធី ការចែករំលែកគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន
នាថ្ងៃ ៦ កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “ការចែករំលែកគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួង-ស្ថាប័នចំនួន១០ ដែលប្រើប្រាស់ប្រព័ន្ធ FMISចាប់តាំងពីឆ្នាំ ២០១៨ មក សរុបប្រមាណ ២០០នាក់ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំកម្មវិធី “ការចែករំលែកគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន” នេះឡើង ក្នុងគោលបំណងធំៗចំនួន៣ គឺ ទី១.ចំណុចគន្លឹះសំខាន់ពាក់ព័ន្ធនឹងមុខងាររបស់ប្រព័ន្ធ FMIS ដែលនឹងជួយផ្តល់នូវចំណេះដឹងថ្មីៗក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ឱ្យកាន់តែរហ័ស និង រលូន, ទី២. ការចែករំលែកនូវបទពិសោធន៍ក្នុងការទាញយករបាយការណ៍ហិរញ្ញវត្ថុពីប្រព័ន្ធ FMIS មកប្រើប្រាស់ជាប្រយោជន៍របស់ក្រសួង-ស្ថាប័នសាមី និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង ទី៣. ការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រថ្មីដែលហៅថា “PK-the-Helper” ដែលអ្នកប្រើប្រាស់ទាំងអស់អាចសួរសំនួរ ឬទំនាក់ទំនងមកក្រុមការងារជំនួយគាំទ្រ នៅពេលដែលមានចម្ងល់ និង បញ្ហាផ្សេងពាក់ព័ន្ធនឹងការបើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាព និង មានការកត់ត្រាច្បាស់លាស់នូវរាល់បញ្ហា និង ដំណោះស្រាយនានា ស្របតាមស្តង់ដារអន្តរជាតិ ។
ឯកឧត្តម បានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្លាស់ប្តូរដែលក្រសួង-ស្ថាប័ននឹងជួបប្រទះនាពេលអនាគតថា ដោយស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឆន្ទៈដ៏មុតស្រួចរបស់ឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការកែទម្រង់ វិស័យហិរញ្ញវត្ថុសារធារណៈ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងដុតដៃដុតជើង និង យកចិត្តទុកដាក់បំផុតទៅលើការងារកាត់បន្ថយនីតិវិធីអនុវត្តការងារនៃការអនុវត្តប្រតិបត្តិការថវិកា និង ហិរញ្ញវត្ថុ ដែលកិច្ចការនេះនឹងត្រូវបានចាប់ផ្តើមចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមុនគេដើម្បីជាគំរូ មានអនុលោមភាពជាមួយនឹងការអនុវត្ត “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨–២០២៥ ”។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នទាំងអស់ទាញយករបាយការណ៍ដែលផលិតបានពីប្រព័ន្ធ FMIS ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង ដែលរហូតមកដល់ពេលនេះ ប្រព័ន្ធ FMIS មានលទ្ធភាពផលិតនូវរបាយការណ៍ចំនួន ៣១ ប្រភេទ សម្រាប់បម្រើតាមតម្រូវការទាំងផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង នៅតាមក្រសួង-ស្ថាប័ន ហើយកំពុងបន្តរៀបចំផលិតបន្ថែមជាច្រើនរបាយកាណ៍ទៀតនាពេលខាងមុខ ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ ទំនាក់ទំនងមកលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ប្រសិនបើយល់ឃើញថានៅមានចំណុចគួរកែសម្រួល ឬ មានតម្រូវការផលិតនូវរបាយការណ៍ចាំបាច់សម្រាប់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យក្រុមការងារមានលទ្ធភាពកែលម្អឱ្យកាន់តែប្រសើរ សម្រាប់បម្រើជាប្រយោជន៍ជូនគ្រប់ក្រសួង-ស្ថាប័ន ។