+855 23 43 00 63

20

Nov, 2019

នៅត្រីមាសទី៣ ឆ្នាំ ២០១៩ ការកៀរគរចំណូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនរដ្ឋាភិបាលកម្ពុជា មានការកើនឡើង ស្របពេលដែលការប្រមូលចំណូលរបស់គយកើនឡើង ២៤%

ដោយ៖: | Tags: | មតិយោបល់: 0

តាមរបាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាសទី៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ នៃកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ក្រុមការងារបច្ចេកទេស បានឱ្យដឹងថា  នៅត្រីមាសទី៣ ឆ្នាំ២០១៩ នេះ ការកៀរគរចំណូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនរដ្ឋាភិបាលកម្ពុជាមានការកើនឡើងជាលំដាប់ ស្របពេលដែលការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានការកើនឡើង ២៤% ធៀបនឹងផែនការ ។ កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ក្រុមការងារបច្ចេកទេស ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នផ្សេងៗ ដែលអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ មកពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង ធានាគារពិភលោក។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពិភាក្សា អំពីលទ្ធផលនៃការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនៅតាមក្រសួង-ស្ថាប័ន។

យោងតាមរបាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាសទី៣ ដដែល ការអនុវត្តថវិកា គឺមានលក្ខណៈទាបជាងគោលដៅ ដោយសម្រេចបាន ត្រឹមតែ ៥៩% តែប៉ុណ្ណោះ ខណៈពេលដែលការកៀគរចំណូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនរដ្ឋាភិបាលកម្ពុជាវិញ គឺមានការកើនឡើងជាលំដាប់ ដោយការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានការកើនឡើងរហូតដល់ទៅ ២៤% បើធៀបនឹងផែនការ។ ការកើនឡើងយ៉ាងគំហុកនេះ បើតាមតំណាងមកពីអគ្គនារដ្ឋានគយ និងរដ្ឋាករ គឺមកពីមានការនាំចូលយានយន្ត និងម៉ូតូ ជាច្រើន ពោលគឺ សម្រាប់យានយន្ត មានការនាំចូលរហូតដល់ទៅ ៨ ម៉ឺន និងម៉ូតូ ៦០ ម៉ឺន ។ ទាក់ទងនឹងចំណុចនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងតែមានតម្រូវការយានយន្តជាច្រើន ប៉ុន្តែ នៅពេលអនាគត ពេលដែលកម្ពុជាអាចធ្វើការកែច្នៃយានយន្តបាននោះ ការនាំចូលយានយន្តអាច នាំចូលត្រឹមតែយានយន្តប្រណិតតែប៉ុណ្ណោះ។ បន្ថែមពីនេះ ការប្រមូលចំណូលឧស្សាហកម្មហិរញ្ញវត្ថុ គឺមានការកើនឡើង ២៩៨.៥៤%ធៀបនឹងផែនការ ដោយប្រភពចំណូលមានមកពីចំណូលកាតព្វកិច្ចកាស៊ីណូ ចំណូលកាតព្វកិច្ចពីឆ្នោត និង ចំណូលពីអាជ្ញាបណ្ណកាស៊ីណូ។

បន្ទាប់ពីកិច្ចពិភាក្សា និងលើកឡើងពីបញ្ហាប្រឈម អង្គប្រជុំ បានដោះស្រាយចម្ងល់មួយចំនួន របស់ដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះ អង្គប្រជុំបានពិភាក្សាអំពីការបង្កើត CAP 4 លក្ខណៈនៃការបណ្តុះបណ្តាល វឌ្ឍនភាពនៃប្រព័ន្ធ FMIS និងការកាត់បន្ថយនីតិវិធីអនុវត្តការងារ ព្រមទាំង ការពន្លឿនការធ្វើកិច្ចលទ្ធកម្ម និងផែនការបន្ទាប់សម្រាប់ត្រីមាសទី ៤ ។