+855 23 43 00 63

22

Jan, 2020

ក្រសួងសេដ្ឋកិច្ច នាំមុខ ក្នុងការអនុវត្តនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃ ពុធ ១៣ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ក្រសួងសេដ្ឋកិច្ច     និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS រួមទាំងតំណាងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ៣៥០ រូប។

គោលបំណងនៃការរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់នេះគឺ ទី១-ផ្សព្វផ្សាយនូវការដាក់ឱ្យអនុវត្តសាកល្បងនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស និង ទូទាត់ត្រង់ដែលមានវេទយិតភាពទាបក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅឆ្នាំ ២០២០ នេះ និង បន្តជំរុញការអនុវត្តទៅកាន់ក្រសួង-ស្ថាប័នផ្សេងៗទៀតនៅឆ្នាំបន្តបន្ទាប់, ទី២-ប្រមូលធាតុចូលគន្លឹះបន្ថែមពីក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍន៍លើការរៀបចំផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធី    អនុវត្តការងារឆ្នាំ២០២០-២០២៥ ឱ្យកាន់តែល្អ និង គ្រប់ជ្រុងជ្រោយ និង បន្ស៊ីគ្នាជាមួយនឹងផែនការយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរប្រកបដោយភាពប្រទាក់ក្រឡាគ្នា មុននឹងអនុម័តដាក់ឱ្យអនុវត្តដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី នៅក្នុងឆ្នាំ ២០២០ នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដើរតួជាស្ថាប័ននាំមុខ និង ដំបូងគេ ក្នុងការអនុវត្តនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ ដោយចាប់ផ្ដើមពី នីតិវិធីទូទាត់ចំណាយបៀវត្សជូនមន្រ្តីរាជការស៊ីវិល និង ការទូទាត់ត្រង់ដែលមានវេទយិតភាពទាប ទៅកាន់នីតិវិធីអនុវត្តការងារផ្សេងៗទៀតដែលផ្សារភ្ជាប់នឹងការប្រើប្រាស់ប្រព័ន្ធ FMIS រួមជាមួយនឹងការគិតគូរកាត់សម្រួលលើឯកសារភ្ជាប់ជាក្រដាស (Hard Copy) ដោយឈរលើមូលដ្ឋាន “កែសម្រួលមុខងារ, តួនាទី និង ភារកិច្ចរបស់មន្រ្តី ពីការធ្វើការងារដដែលៗជាន់គ្នា ទៅជាការងារ ដែលផ្តល់តម្លៃបន្ថែមជាក់លាក់ ” និងបន្តពង្រីកទៅកាន់ក្រសួង-ស្ថាប័នជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវទស្សនទានគន្លឹះៗមួយចំនួន ជូនដល់អ្នកចូលរួមទាំងអស់ដែលមកពីក្រសួង-ស្ថាប័ន ក្នុងការត្រៀមខ្លួនចូលរួមចំណែក និង អនុវត្តសកម្មភាពនានាក្នុងការកែសម្រួល និង តម្រង់ទិសនីតិវិធីអនុវត្តការងារ ប្រកបដោយរលូន និង ទាន់សភាពការណ៍ ដូចមានរៀបរាប់ខាងក្រោម៖

  • ព្យាយាមឈ្វេងយល់ឱ្យបានច្បាស់ពីនីតិវិធីអនុវត្តការងារទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ដើម្បីត្រៀមខ្លួនប្រកបដោយបុរេសកម្ម និង ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការត្រៀមលក្ខណៈធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS ស្របផែនការសកម្មភាពដែលក្រុមការងារបានរៀបចំ និង បង្ហាញជូន ។
  • ត្រៀមខ្លួនក្នុងការទទួលយកនិងចូលរួមអនុវត្តនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស ជា មូលដ្ឋាន និង ជាគំរូ សម្រាប់ត្រៀមគិតគូរលើការកែសម្រួលនីតិវិធីអនុវត្តការងារទូទាត់ចំណាយផ្សេងៗទៀតតាមរយៈការត្រៀមរៀបចំចាត់ចែងលើការផ្ដល់សិទ្ធិ និង ប្រតិភូកម្មអំណាចលើការអនុម័តជូនដល់មន្ត្រីដែលត្រូវអនុវត្តតាមប្រព័ន្ធ FMIS និង ពង្រឹងសមត្ថភាពមន្រ្តីផ្ទៃក្នុងឱ្យមានសមត្ថភាពពេញលេញទាំងការងារប្រើប្រាស់ប្រព័ន្ធ FMIS, ជំនាញបច្ចេកទេសផ្នែកគ្រប់គ្រង និង អនុវត្តថវិកា, ជំនាញគណនេយ្យ និង ជំនាញថ្មីៗដែលនឹងត្រូវរៀបចំផ្ដល់       ជូនក្នុងក្របខណ្ឌអនុវត្តម្រោង FMIS ព្រមទាំងការប្រើប្រាស់យន្តការ ក្រុមការងារអនុវត្តគម្រោង FMIS របស់ក្រសួង-ស្ថាប័ន និង អង្គភាពក្នុងការជួយដោះស្រាយបញ្ហានៅកម្រិតបឋម លើការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យកាន់តែមាន ប្រសិទ្ធភាព ។
  • បន្តផ្តល់កិច្ចសហការឱ្យកាន់តែខ្លាំង ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវការដាក់ឱ្យអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទៅតាមដំណាក់កាល ស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ ។
  • សូមចាប់ផ្ដើមប្រើប្រាស់ព័ត៌មាននៃការអនុវត្តថវិកា និងហិរញ្ញវត្ថុតាមរយៈរបាយការណ៍ផលិតចេញពីប្រព័ន្ធ FMIS ដោយផ្ទាល់ទោះបីជាមានការខុសទម្រង់ ឬ តួលេខពីរបាយការណ៍ខាងក្រៅប្រព័ន្ធក៏ដោយ ព្រោះព័ត៌មាពីប្រព័ន្ធគឺផ្អែកលើទិន្នន័យច្បាស់លាស់ ដែលបានធ្វើប្រតិបត្តិការដោយក្រសួង-ស្ថាប័ន និង អង្គភាពថវិកាផ្ទាល់ ដោយពុំមានការប៉ះពាល់ ឬ កែបន្លំដោយគ្មានគណនេយ្យភាពនោះឡើយ ហើយបើពុំចាប់ផ្ដើមប្រើប្រាស់ព័ត៌មានពីប្រព័ន្ធនោះទេ ក៏យើងពុំមានថ្ងៃទទួលស្គាល់ឬដឹងអំពីកំហុសឆ្គងដែលយើងបានទទួលកន្លងទៅពីរបាយការណ៍ខាងក្រៅប្រព័ន្ធ ឬ ការខ្វះខាតនានានៅក្នុងប្រព័ន្ធឡើយ ។
  • ចូលរួមប្រើប្រាស់នូវ “ប្រព័ន្ធជំនួយគាំទ្រ” ហៅថា “PK-The Helper” ដើម្បីជួយដោះស្រាយបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS រួមទាំង សំណើកែលម្អ, ស្ថាបនា និង រៀបចំរបាយការណ៍ នានា ដែលអ្នកប្រើប្រាស់យល់ឃើញថាគួរគិតគូរក្នុងការជួយឱ្យប្រព័ន្ធ FMIS កាន់តែមានភាពប្រសើរឡើង និង មានប្រសិទ្ធភាពខ្ពស់ ។