
24
Feb, 2020
ក្រសួងសេដ្ឋកិច្ចប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១៧ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១៣
នៅថ្ងៃ ចន្ទ ២ កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាផ្លូវការ នៅក្រសួង-ស្ថាប័នចំនួន ១៧ និង អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១៣” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិង មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។ គោលបំណងនៃ ពិធីនេះ គឺដើម្បីដាក់ឱ្យក្រសួង-ស្ថាប័នទាំង ១៧ និង អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំង ១៣ ប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ ក្នុងការធ្វើប្រតិបត្តិការអនុវត្តថវិកា និង ហិរញ្ញវត្ថុរបស់ខ្លួនបាន ចាប់ពីឆ្នាំ ២០២០ នេះតទៅ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដល់ក្រសួង-ស្ថាប័នទាំង១៧ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងដំណើរការអនុវត្តគម្រោង FMIS ដែលក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់កណ្តាលទាំងអស់ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ប្រកបដោយភាពជឿទុកចិត្ត និង មានគុណភាពខ្ពស់ ក្នុងការគ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិកាជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ប្រព័ន្ធនេះ ឤចជួយដល់ថ្នាក់ដឹកនាំ មានមូលដ្ឋានរឹងមាំ និង ច្បាស់លាស់ ក្នុងការសម្រេចចិត្តទាន់ពេលវេលា ព្រមទាំងឈានទៅក្តាប់យកកាលានុវត្តភាពប្រកបដោយជវភាពពី បដិវត្តន៍ឧស្សាហកម្មទី៤ និង សក្តានុពលនៃសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បញ្ជាក់ថា “នេះជាជំហានមួយថ្មីទៀត រួមចំណែកដល់ការសម្រេចបានគោលដៅការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ”។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ប្រព័ន្ធ FMIS ក្នុងការជួយពង្រឹងប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព និង គាំទ្រដល់ការគ្រប់គ្រង និង តាមដានការអនុវត្តថវិកា និងហិរញ្ញវត្ថុ ស្របពេលដែលគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធី និង ការបង្កើតអង្គភាពថវិកា ជាពិសេសគាំទ្រដល់ដំណើរឈានឆ្ពោះទៅដំណាក់កាលទី ៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ គណនេយ្យភាពសមិទ្ធកម្ម នៅឆ្នាំ២០២១ ខាងមុខនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា ប្រព័ន្ធ FMIS គាំទ្រដល់ការទូទាត់ថវិកាតាមអេឡិកត្រូនិក, ការធ្វើសន្ធានកម្មក្នុងការផ្លាស់ប្តូរទិន្នន័យពីប្រព័ន្ធខាងក្រៅដោយស្វ័យប្រវត្តិ, ការលើកកម្ពស់គុណភាពនៃ ការផលិតរបាយការណ៍ និង ការទាញយករបាយការណ៍តាមតម្រូវការចាំបាច់ផ្ទាល់របស់ក្រសួងសាមីនីមួយៗ នឹងធ្វើឱ្យ ការប្រើប្រាស់ប្រព័ន្ធ FMIS គឺជាប្រព័ន្ធតែមួយគត់ ដែលគាំទ្រដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្មទី៤ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់ការលើកទឹកចិត្ត និង គូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដល់ អ្នកចូលរួម មកពីក្រសួង-ស្ថាប័ន ក្នុងការបន្តកិច្ចសហការអនុវត្តគម្រោង FMIS ក្នុងនោះ រួមមាន ៖
១៖ អគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបន្តចូលរួមប្រកបដោយបុរេសកម្មក្នុងការជួយ តម្រង់ទិស និង គាំទ្រដល់អ្នកប្រើប្រាស់ថ្មីៗក្នុងប្រព័ន្ធ FMIS, ជួយផ្សព្វផ្សាយ និង ផ្តលការណែនាំឱ្យបានទូលំទូលាយ អំពីផ្សារភ្ជាប់រវាងការអនុវត្តថវិកា និង ការប្រើប្រាស់ប្រព័ន្ធ ព្រមទាំងនីតិវីធីអនុវត្តថវិកា និង ការពង្រឹងគណនេយ្យភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ នៅក្នុងប្រព័ន្ធ FMIS។
២៖ ក្រសួង-ស្ថាប័នដែលប្រើប្រាស់ប្រព័ន្ធ FMIS, ត្រូវបន្តបង្កើនសមត្ថភាពជំនាញ, ទាំងជំនាញហិរញ្ញវត្ថុ សាធារណៈ និង ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង មានភាពជាម្ចាស់ ក្នុងការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការប្រើប្រាស់ប្រព័ន្ធ FMIS ។
៣៖ ក្រសួង-ស្ថាប័ន និង អង្គភាពទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធ FMIS ត្រូវធ្វើការត្រួតពិនិត្យនូវមុខងារ និង តួនាទីរបស់មន្ត្រីម្នាក់ៗ, រចនាសម្ព័ន្ធការងារផ្ទៃក្នុង និង កំណត់នូវកម្រិតហានិភ័យនៃប្រភេទប្រតិបត្តិការអនុវត្តថវិកា និង ហិរញ្ញវត្ថុជាបណ្តើរៗ ដើម្បីត្រៀមខ្លួនសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការរៀបចំនីតិវិធីតម្រង់ទិសថ្មី ស្របតាមផែនការតម្រង់ទិសនីតិវិធីអនុវត្តការងារ (Business Processes Streamlining) ។
៤៖ អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ត្រូវចូលរួមពង្រឹងគណនេយ្យភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS ដោយធ្វើការពិនិត្យឱ្យបានម៉ត់ចត់លើទិន្នន័យ ដែលបានកត់ត្រាចូលក្នុងប្រព័ន្ធ FMIS និង ប្រើប្រាស់ព័ត៌មានពីប្រព័ន្ធ FMIS ជាគោល សម្រាប់ការគ្រប់គ្រង និង អនុវត្តថវិកា តាមរយៈការវិភាគ, តាមដាន, ត្រួតពិនិត្យ និង ការរៀបចំរបាយការណ៍នានាស្តីអំពីឥណទានថវិកា និង ការអនុវត្តថវិកា៕