+855 23 43 00 63

22

Jan, 2024

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤, ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញដឹកនាំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃអង្គភាពលទ្ធកម្ម និង ក្រុមលទ្ធកម្មនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ចំនួនប្រមាណ ២០០ រូប ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីសមិទ្ធផលថ្មីៗ ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេស “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” ដែលត្រូវបានរៀបចំរួចរាល់ និង ត្រៀមដាក់ឱ្យអនុវត្តសម្រាប់អង្គភាពលទ្ធកម្ម និង ក្រុមលទ្ធកម្មនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងទាំង ២ ព្រមទាំងត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីមានសមត្ថភាពពេញលេញ សម្រាប់ការអនុវត្តនៅក្នុងឆ្នាំ ២០២៤ នេះ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ដែលធានាឱ្យបាននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, វត្តមានរបស់ FMIS គឺពិតជាពុំអាចខ្វះបានសម្រាប់ការជួយត្រួតពិនិត្យ តាមដាន និង វាយតម្លៃលើការអនុវត្តថវិកាសមិទ្ធកម្មនេះ ។ ទន្ទឹមនឹងនេះ, FMIS បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការគាំទ្រ និង ជំរុញដល់ការធ្វើប្រតិភូកម្មសិទ្ធិអំណាចដល់អង្គភាពថវិកាក្រោមឱវាទក្រសួង-ស្ថាប័ន ទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តនីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ៨ ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការដែលបានអនុវត្តនៅក្រៅប្រព័ន្ធ និង មាននីតិវិធីស្មុគស្មាញ ជាមួយនឹងការប្រើប្រាស់ឯកសារក្រដាស, ហើយ “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” ដែលកំពុងផ្សព្វផ្សាយនាពេលនេះ ក៏ជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំជូនដល់អ្នកប្រើប្រាស់ នៃអង្គភាពលទ្ធកម្ម និង ក្រុមលទ្ធកម្មរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងទាំង ២ សំដៅជំរុញឱ្យការអនុវត្តនីតិវិធីថ្មី ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៤ នេះ ដំណើការទៅដោយរលូន និង មានប្រសិទ្ធភាព ៕