+855 23 43 00 63

19

Mar, 2024

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំពិធីបិទវគ្គឆ្នាំ២០២៣ និង បើកវគ្គឆ្នាំ២០២៤ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំពិធីបិទវគ្គឆ្នាំ២០២៣ និង បើកវគ្គឆ្នាំ២០២៤ នៃ ßកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងà ដែលមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ២០២៣ និង សិក្ខាកាមគោលដៅឆ្នាំ២០២៤ សរុបប្រមាណ ៥០០នាក់ មកក្រសួង-ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដៃគូអភិវឌ្ឍ ព្រមទាំងក្រុមឧទ្ទេសាចារ្យ និង សិក្ខាកាម ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាព លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់បំពេញមុខងារភារកិច្ច ក្នុងអង្គភាពថវិការបស់ក្រសួង-ស្ថាប័ន និង អង្គភាពជំនាញពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ នៅត្រង់មាត្រា ១៤ បានកំណត់ថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិជាធរមាន ។ តាមរយៈនេះ អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ ថ្មីៗនេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងចាត់ទុក ការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកត្តាចាំបាច់ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាព និង បង្កើនប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានរំឭកផងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ។ បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយ សំដៅឈានទៅសម្រេចគោលបំណងចុងក្រោយ គឺ គណនេយ្យភាពសមិទ្ធកម្ម ឬ លទ្ធផល ។ ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ នេះ, សិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវ កាន់តែច្រើនទ្បើង ត្រូវបានផ្ទេរជូនក្រសួង-ស្ថាប័ន និង អង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ ។ ការណ៍នេះ ទាមទារឱ្យគ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ដល់មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ។

ក្នុងន័យនេះ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបនឹងតម្រូវការចំាបាច់របស់ក្រសួង-ស្ថាប័ន និង អង្គភាពជំនាញពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងពង្រីកសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ទាំងលើចំណេះដឹង ជំនាញ និង វិជ្ជាជីវៈ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ៕