+855 23 43 00 63

21

Dec, 2020

ប្រកាសព័ត៌មាន៖ ក្រសួងសេដ្ឋកិច្ច ស្នើមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តគាំទ្រគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងឱកាសទទួលជួបជាមួយតំណាងរបស់រូបិយវត្ថុអន្តរជាតិ (IMF)នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ជាក់ពីគោលជំហររបស់រាជ-រដ្ឋាភិបាល ជាពិសេសពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការបន្តអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅក្នុងដំណាក់កាលជាបន្តបន្ទាប់ និង បានសម្រេចអនុម័តលើការបន្តឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅជំហានទី៣ ពី ឆ្នាំ ២០២១ ដល់ ២០២៥ តទៅទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយសម្រាប់កម្ពុជា ដែលធានាបាននូវគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈរបស់ស្ថាប័នរដ្ឋប្រកបដោយគុណភាព។

នៅក្នុងកិច្ចប្រជុំនេះតំណាងរបស់ IMF មាន លោក Holger van Eden ប្រធានការិយាល័យ IMF ប្រចាំតំបន់នៅទីក្រុងបាងកក និង លោក Kris Kauffmann ទីប្រឹក្សា IMF ជួយគាំទ្រដល់គម្រោង FMIS រួមជាមួយនឹងលោក Yasuhisa Ojima ប្រធាន​ស្ថាន​តំណាង​ IMF ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន ៖ ការអនុវត្តគម្រោង FMIS ជំហានទី២ បានដោយជោគជ័យតាមផែនការ, ការពង្រឹងការប្រើប្រាស់មាតិកាថវិកាទាំង ៧, ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិច, ការពង្រឹងការអនុវត្តថវិកាកម្មវិធី, ការផ្ទេរសិទ្ធិអំណាចជូនអង្គភាពថវិកា និង អង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ តំណាង IMF បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃគម្រោង FMIS ដែលប្រទេសនានានៅលើសាកលលោកបានកំពុងអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ដើម្បីកសាងជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងគុណភាព នៃការផ្ដល់សេវាសាធារណៈតាម   រយៈការអនុវត្តថវិកា និង ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងការរៀបចំកែសម្រួលច្បាប់ប្រព័ន្ធហិរញ្ញវត្ថុ តំណាង IMF បានផ្ដល់អនុសាសន៍យ៉ាងមុតមាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការបញ្ចូលខ្លឹមសារនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅក្នុងច្បាប់នេះ ដូចបណ្ដាប្រទេសជឿនលឿននានា ដើម្បីទទួលបាននូវក្របខណ្ឌគតិយុត្តិមួយច្បាស់លាស់សម្រាប់ការប្រើប្រាស់ប្រព័ន្ធនេះក្នុងការអនុវត្តថវិកា និង គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ ជាមួយគ្នានេះតំណាង IMF បានកោតសរសើរដល់ការខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំរបស់ អគ្គនាយកដ្ឋានពាក់ព័ន្ធ, អគ្គលេខាធិ-ការដ្ឋានគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាពិសេសលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលក្រៅពីបានអនុវត្តបានដោយជោគជ័យតាមផែនការសកម្មភាពគម្រោងហើយ ថែមទាំងបានខិតខំជួយសម្របសម្រួលដល់ដំណើរបេសកកម្មរបស់ IMF ឱ្យប្រព្រឹត្តទៅបានដោយរលូនទៀត។

​ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណចំពោះ IMF ក្នុងបេសកកម្មលើការងារវាយតម្លៃ និង ជួយគាំទ្រផ្ទាល់ដល់គម្រោង FMIS លើកទី ១០ នេះ ទោះបីជាមានបញ្ហាកូវីដ ១៩ ក៏ដោយ និង បានបញ្ជាក់បន្ថែមពីគោលជំហររបស់ក្រសួងក្នុងការបន្តអនុវត្តគម្រោងជំហានទី ៣ ឱ្យបានទទួលជោគជ័យដូចជំហានទី២ នេះ ដែលរួមមាន៖ ការបន្តពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនៅតាមអង្គភាពថវិកាផ្ទេរសិទ្ធិពេញលេញ និង នៅតាមរដ្ឋបាល និង អង្គភាពថ្នាក់ក្រោមជាតិ, ការពង្រឹងគុណភាពប្រព័ន្ធ FMIS ជាពិសេសការបង្កើតទិន្នន័យសម្រាប់ងាយស្រួលក្នុងការតាមដាន និង ការវិភាគការអនុវត្តថវិកា និង ហិរញ្ញវត្ថុ, ការពង្រីកការដាក់ឱ្យប្រើប្រាស់មុខងារប្រព័ន្ធថ្មីៗ រួមមាន មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញ-លេញ, ការបន្តអនុវត្តការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិចឱ្យបានគ្រប់ជ្រុងជ្រោយ, ការបន្តកែសម្រួលនីតិវិធីអនុវត្តការងារដោយឱ្យមកប្រើប្រាស់តាមប្រព័ន្ធទាំងស្រុងដោយគ្មានការអនុវត្តជាក្រដាសស្នាមខាងក្រៅប្រព័ន្ធ FMIS, ការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ជួយដល់ការគ្រប់គ្រងសាច់ប្រាក់, ការឈានឱ្យដល់ការប្រើប្រាស់ប្រព័ន្ធសម្រាប់គ្រប់គ្រងថវិកាជំនួយពីដៃគូអភិវឌ្ឍន៍, ការបន្តធ្វើសន្ធានកម្មជាមួយប្រព័ន្ធនានាពាក់ព័ន្ធនឹងកិច្ចការហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័ន និង ដៃគូឯកជននានា និង ការកសាងសមត្ថភាពមន្ត្រីរាជការនៅក្នុងក្របខណ្ឌគ្រប់គ្រងការផ្លាស់ប្ដូរដែលធានាបាននូវស្ថិរភាព និង នីរន្តរភាព។ នាពេលបញ្ចប់ការសន្ទនា ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើសុំ IMF បន្តកិច្ចសហការគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅជំហានជាបន្តបន្ទាប់ ជាពិសេសគឺការគ្រប់គ្រងការផ្លាស់ប្ដូរ និង ការចែករំលែកបទពិសោធន៍ជាឧត្តមានុវត្តន៍នៃដំណើរការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕