
15
Mar, 2017
ឯកឧត្តម ពិត ចំណាន៖ ប្រព័ន្ធ FMIS នឹងជួយសម្រួលដល់ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអប់រំ
មានប្រសាសន៍នៅក្នុងការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ដែលមានវត្តមានមន្ត្រីទទួលបន្ទុកផ្នែកអនុវត្តថវិកាប្រមាណ៧០នាក់ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការដាក់ឱ្យអនុវត្តនូវដំណើរការប្រព័ន្ធ FMIS នឹងជួយសម្រួលដល់ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអប់រំ ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ជាពិសេសការកាត់បន្ថយការប្រើប្រាស់ក្រដាស ។ លើសពីនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់មន្ត្រីដែលពាក់ព័ន្ធនឹងការងាររៀបចំថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពទទួលយកការបណ្តុះបណ្តាលបន្ថែមអំពីប្រព័ន្ធ FMIS ដើម្បីជំរុញឱ្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះផងដែរ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៏មានវិទ្យា ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ស្តាប់ក៏ដូចជាសហការជាមួយនឹងក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះទៀត លោកស្រី ក៏បានបញ្ជាក់ពីការអនុវត្តប្រព័ន្ធ FMIS ពោលគឺអ្នកប្រើប្រាស់ចាំបាច់ត្រូវមានឆន្ទៈ និងការអត់ធ្មត់ ដើម្បីអនុវត្តប្រព័ន្ធនេះប្រកបដោយភាពជោគជ័យ រីឯជុំវិញបញ្ហាប្រឈមនានា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចាំជួយសម្រួលជូនក្រសួងអប់រំជានិច្ច ។
គួរបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីប្រព័ន្ធ FMIS ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ក្រសួង-ស្ថាប័នចំនួន១០ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី២របស់ខ្លួន ៕