+855 23 43 00 63

25

Oct, 2023

កិច្ចប្រជុំពិភាក្សាស្តីពី រំហូរនីតិវិធីអនុវត្តការងារតាម FMIS សម្រាប់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទៅកាន់រដ្ឋបាលក្រុង-ស្រុង និង ខណ្ឌនៅក្នុងឆ្នាំ ២០២៤ ប្រកបដោយប្រសិទ្ធភាព និង ដំណើរការរលូន, ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី រំហូរនីតិវិធីអនុវត្តការងារតាម FMIS សម្រាប់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ, មន្ត្រីជំនាញ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នាព្រឹកថ្ងៃ ពុធ ១១កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ។

គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើនេះ គឺដើម្បីពិភាក្សាលម្អិតជាមួយថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទាំងអស់ ជាពិសេសមន្ត្រីដែលទទួលបន្ទុកលើការអនុវត្តនីតិវិធីចំណាយ និង កិច្ចលទ្ធកម្ម ឱ្យបានយល់កាន់ច្បាស់ពីការតៀមអនុវត្តនីតិវិធីក្នុង FMIS ជាមួយរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ដែលក្នុងនោះក្រុមការងារ FMIS បានធ្វើបទបង្ហាញជូនអ្នកចូលរួមផងដែរអំពី នីតិវិធីអនុវត្តការងារបច្ចុប្បន្នដែលរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ កំពុងអនុវត្ត និង រំហូរនីតិវិធីអនាគតស្នើសុំក្នុង FMIS របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអភិបាលហិរញ្ញវត្ថុ សម្រាប់ការត្រួតពិនិត្យ និង សម្រេចលើការចំណាយ និង ការអនុវត្តកិច្ចលទ្ធកម្មរបស់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ។ នីតិវិធីអនុវត្តការងារថ្មីតាម FMIS នឹងផ្តល់អត្ថប្រយោជន៍ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ជាច្រើនរួមមាន កាត់បន្ថយចំណាយលើការប្រើប្រាស់ធនធានមនុស្សតិច, កាត់បន្ថយពេលវេលា និង បង្កើននូវតម្លាភាពនិងគណនេយ្យភាពនៃការអនុវត្តថវិកា (អាចតាមដានបានទាំងស្រុងអំពីស្ថានភាពនៃការអនុវត្តថវិកា), ងាយស្រួលក្នុងការតាមដានប្រតិបត្តិការ, មិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារជាក្រដាស ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និង ឯកសារចាំបាច់មួយចំនួនត្រូវបានស្គែនដាក់ចូលក្នុង FMIS ដែលនឹងធានាបាននូវសុវត្ថិភាពជូនអ្នកប្រើប្រាស់ ។

ជាលទ្ធផល បន្ទាប់ពីពិភាក្សាយ៉ាងផុលផុស អង្គប្រជុំបានគាំទ្រចំពោះការរៀបចំរំហូរនីតិវិធីអនុវត្តការងារតាម FMIS សម្រាប់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ និងត្រៀមខ្លួនចូលរួមតាមរយៈការសហការប្រកបដោយបុរេសកម្ម និង ភាពជឿទុកចិត្ត ៕