
14
Dec, 2022
ការអនុវត្តសកម្មភាព ដើម្បីត្រៀមចូលរួមអនុវត្តនីតិវីធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក
នាព្រឹកថ្ងៃ ពុធ ៦រោច ខែ មិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំ ដោយឯកឧត្តម អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការអនុវត្តសកម្មភាព ដើម្បីត្រៀមចូលរួមអនុវត្តនីតិវីធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក” នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុប្រចាំក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធនឹងនីតិវិធីអនុវត្តការងារ ធនធានមនុស្ស និង ការរៀបចំបណ្តាញតភ្ចាប់ មុននឹងឈានដល់ការដាក់ឱ្យអនុវត្តនីតិវិធីថ្មីនេះ នៅត្រីមាសទី១ ឆ្នាំ ២០២៣ នៅការដ្ឋានបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ស្រាប់ ។ ទន្ទឹមគ្នានេះផងដែរ តាមរយៈកិច្ចពិភាក្សានេះ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនទាន់ពេញលេញដែលជាការដ្ឋានថ្មី មិនទាន់បានប្រើប្រាស់ប្រព័ន្ធ FMIS នៅឡើយ ទទួលបាននូវព័ត៌មានដើម្បីជាមូលដ្ឋាន ក្នុងការត្រៀមខ្លួនចូលរួមអនុវត្ត និង ប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយនឹងការអនុវត្តនីតិវិធីថ្មីខាងលើផងដែរ នៅជំហានបន្ទាប់ ។
គួរបញ្ជាក់ផងដែរថា ក្រសួងចំនួន ០៨ ដែលនឹងចូលរួមអនុវត្តនីតិវិធីថ្មីខាងលើនេះ រួមមាន៖ ១. ក្រសួងអប់រំ យុវជន និងកីឡា, ២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ៣. ក្រសួងមុខងារសាធារណៈ , ៤. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ៥. ក្រសួងសុខាភិបាល, ៦. ក្រសួងផែនការ, ៧.ក្រសួងយុត្តិធម៌, ៨. ក្រសួងសាធារណៈ និង ដឹកជញ្ជូន ។ ជំនួបដំបូងនៃកិច្ចពិភាក្សាក្នុងថ្ងៃនេះ ធ្វើឡើងជាមួយក្រសួងអប់រំ យុវជន និងកីឡាមុនគេ នឹងបន្តកិច្ចពិភាក្សាជាមួយក្រសួងដែលនៅសេសសល់ ស្របតាមកាលវិភាគបន្តបន្ទាប់ទៀត។
































