16
Mar, 2015
ព័ត៌មានស្តីពីកិច្ចប្រជុំឆ្លងរបាយការណ៍សវនកម្មនៅនាយកដ្ឋានព័ត៌មានវិទ្យា
គណៈប្រតិភូសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលដឹកនាំដោយឯកឧត្តម ជា វុធណា អគ្គនាយកនៃអគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង បានជួបប្រជុំគ្នាជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីពិភាក្សាលើលទ្ធផលនៃការអនុវត្តការងារសវនកម្មតាមនីតិវិធីជាស្តង់ដារនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ប្រជុំនៃនាយកដ្ឋានព័ត៌មានវិទ្យានៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ការធ្វើសវនកម្មនេះ មានគោលបំណងដើម្បីត្រួតពិនិត្យ និងជួយកែលម្អប្រព័ន្ធ FMIS ដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មានមួយប្រកបដោយភាពគ្រប់គ្រាន់ និងអភិបាលកិច្ចល្អដែលធានាបានប្រសិទ្ធភាព ប្រសិទ្ធិផល និងអនុលោមភាព ។
លទ្ធផលនៃការធ្វើសវនកម្មផ្ទៃក្នុងបានបង្ហាញថានាយកដ្ឋានព័ត៌មានវិទ្យា បាននិងកំពុងខិតខំធ្វើការយ៉ាងសកម្មក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដំឡើងប្រព័ន្ធ FMIS ប៉ុន្តែទោះបីជាយ៉ាងណា នៅមានចំណុចខ្វះចន្លោះមួយចំនួនដែលត្រូវបំពេញ និងកែលម្អនៅមុនពេលអនុវត្តនេះ ប៉ុន្តែចំណុចខ្វះចន្លោះទាំងអស់នោះមិនមានផលប៉ះពាល់ដល់ការកសាងប្រព័ន្ធ FMIS ទាំងមូលនោះទេ ។
បន្ទាប់មកអង្គប្រជុំបានឯកភាពលើលទ្ធផលសវនកម្ម ផែនការសកម្មភាពកែលម្អ និងឯកភាពលើ ការកែសម្រួលជាអនុសាសន៍ដូចខាងក្រោម ៖
- នាយកដ្ឋានព័ត៌មានវិទ្យាត្រូវបន្តជ្រើសរើសមន្ត្រីតាមផែនការរបស់ខ្លួន
- នៅពេលជ្រើសរើសមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យាគួរតែយកចិត្តទុកដាក់ ជាពិសេសលើការពង្រឹងការគ្រប់គ្រង និងក្រុមការងារគ្រប់គ្រងបណ្តាញ (Network Administration)
- មន្ត្រីផ្នែកសុវត្ថិភាពគួរបំពេញកាតព្វកិច្ចតែផ្នែកសុវត្ថិភាពមួយប៉ុណ្ណោះ
- នាយកដ្ឋានព័ត៌មានវិទ្យាគួរបង្កើតគោលនយោបាយសុវត្ថិភាពប្រព័ន្ធ FMIS ដែលរួមបញ្ចូលនូវ នីតិវិធីសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីស្រេចសម្រាប់ប្រើប្រាស់ដោយម្ចាស់ទិន្នន័យ អ្នកថែទាំ និងអ្នកប្រើប្រាស់និងរួមទាំងគោលនយោបាយដែលមាននៅក្នុងអនុសាសន៍ទី ១៨ ដល់ទី ២២។
- បង្អួចកញ្ចក់រវាងផ្នែករដ្ឋបាលនិងបន្ទប់កុំព្យូទ័រមេ គួរតែប្រើវីសមួលចេញវិញពុំបាន ដើម្បីធានាសុវត្ថិភាព
- សោឆ្លាត (Smart Card)ឬសោជីវមាត្រគួរត្រូវបានដំឡើងដើម្បីត្រួតពិនិត្យលើទ្វារចូលទៅ កាន់ផ្នែកគ្រប់គ្រងទាំងនៅមជ្ឈមណ្ឌលទិន្នន័យមេ (MDC)និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ (RDC)
- បើសិនជាអាចធ្វើទៅបាននាយកដ្ឋានព័ត៌មានវិទ្យា គួរកំណត់លើសោឆ្លាត (Smart Card)ឱ្យផ្តល់សញ្ញាដល់មន្ត្រីផ្នែកសុវត្ថិភាព នៅពេលណាដែលមានការព្យាយាមចូលបរាជ័យជាប់ៗគ្នាចំនួន បីដង
- កាមេរ៉ាចាប់សកម្មភាពមានចលនាគួរតែផ្តល់សញ្ញាដល់មន្ត្រីផ្នែកសុវត្ថិភាពក្រៅម៉ោងធ្វើការផងដែរ
- ឧបករណ៍ពន្លត់អគ្គីភ័យដែលនៅជិតបំផុត ទៅនឹងបន្ទប់រដ្ឋបាលនៃមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ(DRC)គួរត្រូវមាន លក្ខណៈពិសេសដែលអាចប្រើជាមួយឧបករណ៍អគ្គីសនីបាន
- ខ្សែចរន្តអគ្គិសនីមិនគួរចេញតាមច្រកនៅខាងក្រៅតែមួយជាមួយខ្សែ ផ្សេងៗឡើយ បើពុំនោះទេគួរប្តូរសោទ្វារឱ្យបានរឹងមាំ ដើម្បីការពារចំពោះការចូលដោយគ្មានការអនុញ្ញាតប្រសិនបើគ្មានជម្រើស
- នាយកដ្ឋានព័ត៌មានវិទ្យា គួរតែតាមដានត្រួតពិនិត្យស្ថានភាពដាច់ចរន្តអគ្គិសនីនៅតាម រតនាគារខេត្ត-រាជធានីដើម្បីជាមូលដ្ឋានសម្រេចចិត្តថា តើគួរមានម៉ាស៊ីនភ្លើងបែបណាសម្រាប់បម្រុងទុកនៅតាមរតនាគារ ខេត្ត-រាជធានីនីមួយៗ
- សុវត្ថិភាពនៃការផ្គត់ផ្គង់ទឹកដល់ម៉ាស៊ីនត្រជាក់នៅមជ្ឈមណ្ឌលទិន្នន័យមេ MDC គួរត្រូវពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតប្រសិនជាចាំបាច់
- នាយកដ្ឋានព័ត៌មានវិទ្យាគួររៀបចំចាត់វិធានការសម្អាតបរិវេណផ្នែកខាងក្រៅ នៅជុំវិញកង្ហារម៉ាស៊ីនត្រជាក់ឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយហានិភ័យបណ្តាលមកពីការឆាបឆេះ និងស្ទះកង្ហារ
- រាល់ឧបករណ៍ប្រព័ន្ធ FMIS ទាំងអស់គួរត្រូវបានកត់ត្រា និងធ្វើបច្ចុប្បន្នភាពទៅក្នុងបញ្ជីសារពើភ័ណ្ឌដែលមាន ហើយបញ្ចូលនូវព័ត៌មានអំពីលេខស៊េរី (Serial) និងទីតាំងសំគាល់ផងដែរ
- សិទ្ធិចូលដំណើរការនិងសិទ្ធិទាំងអស់របស់អ្នកប្រើប្រាស់ ដែលមានស្រាប់គួរត្រូវបានពិនិត្យ និងតាក់តែងឡើងវិញបើសិនជាចាំបាច់ហើយគួរត្រូវមានការអនុម័តនិងចងក្រង ជាឯកសារត្រឹមត្រូវ
- ជាអាទិភាពខ្សែបណ្តាញដែលជួលពីក្រុមហ៊ុនខាងក្រៅ នៅមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ (DRC)គួរត្រូវបានបំបែកឱ្យដាច់ដោយឡែកពីគ្នា
- ទិន្នន័យទាំងអស់ដែលត្រូវបញ្ជូនឆ្លងកាត់បណ្ដាញបច្ចេកវិទ្យាគមនាគមន៍ គួរតែត្រូវបានអ៊ិន គ្រីប (Encrypt)។ វិធីនេះគួរត្រូវបានអនុវត្តជាពិសេសចំពោះការកំណត់ ឬការកែប្រែសិទ្ធិចូលដំណើរការនិងសិទ្ធិនៃអ្នកប្រើប្រាស់ ។
- នាយកដ្ឋានព័ត៌មានវិទ្យា គួរបង្កើតគោលនយោបាយសម្រាប់ការចូលប្រើប្រាស់ និងត្រួតពិនិត្យលើការប្រើប្រាស់បណ្តាញ
- នាយកដ្ឋានព័ត៌មានវិទ្យា គួរចងក្រងឯកសារគោលនយោបាយសុវត្ថិភាពការចូលដំណើរការពីចម្ងាយទៅក្នុងប្រព័ន្ធ FMIS
- នាយកដ្ឋានព័ត៌មានវិទ្យាគួរបង្កើតគោលនយោបាយចម្លងទុក និងការស្តារឡើងវិញនៃប្រព័ន្ធ FMIS ដោយសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់
- គោលនយោបាយចម្លងទុកនិងស្តារឡើងវិញ គួរមានការបែងចែកការទទួលខុសត្រូវឱ្យបានច្បាស់លាស់
- គួរបញ្ចប់ការបណ្តុះបណ្តាលមន្ត្រីលើផ្នែកប្រតិបត្ដិការនីតិវិធីចម្លងទុក និងស្តារឡើងវិញឱ្យបានមុនពេលប្រព័ន្ធ FMIS “ដាក់ឱ្យអនុវត្ត”
- គ្រប់ឧបករណ៍ផ្ទុកទិន្នន័យចម្លងទុកទាំងអស់គួរត្រូវបានរក្សាទុកក្នុងទីកន្លែងមានសុវត្ថិភាព និងនៅឆ្ងាយពីទីតាំងទិន្នន័យដើម
- នីតិវិធីស្តារឡើងវិញគួរតែត្រូវបានធ្វើតេស្តសាកល្បងរហូតមានការធានាថាមានដំណើរការរលូន និងត្រូវធ្វើតេស្តជាប្រចាំបន្តទៀត
- ដំណើរការនៅ DRC ដែលត្រូវពឹងផ្អែកនៅពេលមានការអាក់ខាន គួរត្រូវបានធ្វើតេស្តឱ្យបានពេញលេញ និងត្រូវការចងក្រងជាឯកសារលើនីតិវិធីនិងការទទួលខុសត្រូវសំខាន់ៗ។ រាល់ការផ្លាស់ប្តូរចំពោះកម្មវិធីទន់ទិន្នន័យគោល និងទិន្នន័យចម្លងការគួរត្រូវធ្វើព្រមគ្នា។
លោកប្រធាននាយកដ្ឋានព័ត៌មានវិទ្យាបានឯកភាពលើការរកឃើញ និងអនុសាសន៍របស់គណៈប្រតិភូសវនកម្ម។ លោកប្រធាននាយកដ្ឋានបន្តទៀតថា កន្លងមកមតិរបស់នាយកដ្ឋានព័ត៌មានវិទ្យាមិនទទួលបានការគាំទ្រពេញលេញ ប៉ុន្តែនៅពេលមានការរកឃើញ និងការផ្តល់ជាយោបល់របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នោះអាចជាការដាក់ទម្ងន់ ដើម្បីឱ្យមានការបន្ថែមការយកចិត្តទុកដាក់ជ្រោមជ្រែងនាយកដ្ឋានព័ត៌មានវិទ្យាក្នុងការងារអនុវត្តប្រព័ន្ធ FMIS ។
ទីបញ្ចប់ លោកប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានថ្លែងអំណរគុណចំពោះ លទ្ធផលការងាររបស់គណៈប្រតិភូ និងខិតខំកែលម្អតាមអនុសាសន៍ដែលបានផ្តល់ជូន ។
កិច្ចប្រជុំរវាងគណៈប្រតិភូសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានព័ត៌មានវិទ្យា បានចប់សព្វគ្រប់នៅវេលាម៉ោង ១១:០០នាទីព្រឹកក្នុងបរិយាកាសជាភាតរៈ និងស្មារតីទទួលខុសត្រូវខ្ពស់។