+855 23 43 00 63

20

Jul, 2022

កិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃ ពុធ ៧រោច ខែ អាសាធ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងដោយផ្តោតលើការកំណត់ឯកសារដែលត្រូវកាត់ចោល, ឯកសារដែលត្រូវស្គែនចូលក្នុងប្រព័ន្ធ និង ឯកសារដែលត្រូវរក្សាទុកនៅអង្គភាពសាមី ក្នុងក្របខណ្ឌការអនុវត្តនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើនីតិវិធីចំណាយថវិកាចរន្ត ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ក្នុងការអនុវត្តតាមរំហូរដែលបានអនុម័តហើយដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ថ្នាក់ដឹកនាំកំពូលរបស់ក្រសួង ហើយសូមស្នើឱ្យផ្តោតលើការងារ៖ ១-ពង្រឹងគុណភាព, ២-ស្ដង់ដារ នៃការអនុវត្តនៅក្នុងប្រព័ន្ធ, ៣-ការបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពអ្នកអនុវត្តប្រព័ន្ធ និង ៤-ការតាមដានពិនិត្យវាយតម្លៃលើសមិទ្ធកម្ម និង ការកសាងសមត្ថភាពជាបន្តបន្ទាប់ជាមួយនឹងការគិតគូរលើការពង្រឹងសវនកម្មចុងគ្រា (Post audit) ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានណែនាំបន្ថែមដល់ក្រុមការងារឱ្យត្រៀមរៀបចំ និង ពិនិត្យរៀបចំនីតិវិធីស្តង់ដាររួមលើការកែសម្រួលនីតិវិធីអនុវត្តការងារដើម្បីកំណត់ច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ ដែលមានកំណត់ពេលវេលាច្បាស់លាស់នឹងដឹងថាឯកសារមកដល់ទីកន្លែងណា ។ ក្រៅពីនេះឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្ដល់នូវការណែនាំអំពីវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលលើការប្រើប្រាស់ប្រព័ន្ធដើម្បីពិនិត្យ និង អនុម័តប្រតិបត្តិការ, ការតាមដានព័ត៌មាននៃការអនុវត្តថវិកា, ការទាញយករបាយការណ៍ និង ការប្រើប្រាស់កម្មវិធីកញ្ចក់ថវិកា ជាដើមជូនថ្នាក់ដឹកនាំក្រសួង ។
គួរជម្រាបជូនថាការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS នឹងដាក់ឱ្យអនុវត្តសាកល្បងនីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានក្នុងឆ្នាំ ២០២២ នេះ និង បន្តអនុវត្តរហូតដល់គ្រប់ក្រសួង-ស្ថាប័ននៅឆ្នាំ ២០២៥ ៕